ក្រោយការប៉ះទង្គិចបង្ហូរឈាម ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្ន (Video inside)
15-10-2025 23:20
(អ៊ីស្លាម៉ាបាដ)៖ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្ដោះអាសន្នមួយនៅថ្ងៃពុធនេះ បន្ទាប់ពីការប្រយុទ្ធគ្នាជាថ្មី និងការវាយប្រហារតាមផ្លូវអាកាស បានធ្វើឱ្យភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរឡើងដល់កម្រិតកំពូល ដោយបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ស្លាប់ និងជាង១០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងអនុវត្ត «បទឈប់បាញ់បណ្ដោះអាសន្ន» រយៈពេល ៤៨ម៉ោង ដោយចាប់ផ្តើមនៅថ្ងៃ។ ទោះជាយ៉ាងណា ភាគីទាំងពីរបានទម្លាក់ការទទួលខុសត្រូវរៀងៗខ្លួន ដោយប៉ាគីស្ថានអះអាងថាកិច្ចព្រមព្រៀងនេះធ្វើឡើងតាមការស្នើសុំរបស់ទីក្រុងកាប៊ុល ខណៈអ្នកនាំពាក្យរដ្ឋបាលតាលីបង់បាននិយាយថា វាគឺដោយសារតែ «ការទទូចរបស់ភាគីប៉ាគីស្ថាន»។
កិច្ចព្រមព្រៀងឈប់បាញ់នេះ បានធ្វើឡើងបន្ទាប់ពីប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើខេត្តកាន់ដាហាររបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ខណៈភាគីទាំងពីរបានបន្តផ្លាស់ប្តូរការចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការចាប់ផ្តើមការវាយប្រហារដោយកងកម្លាំងជើងគោក។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅចុងសប្តាហ៍មុន ត្រូវបានចាត់ទុកថាជាឧប្បត្តិហេតុដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចក្នុងឆ្នាំ២០២១។ ភាពតានតឹងបានផ្ទុះឡើងបន្ទាប់ពីប៉ាគីស្ថានទាមទារឱ្យរដ្ឋបាលតាលីបង់បង្ក្រាបក្រុមសកម្មប្រយុទ្ធដែលវាយប្រហារប៉ាគីស្ថានចេញពីទឹកដីអាហ្វហ្គានីស្ថាន ដែលជាការចោទប្រកាន់ដែលក្រុមតាលីបង់បានបដិសេធ៕