លោក ដូណាល់ ត្រាំ៖ លោកនាយករដ្ឋមន្ត្រី ម៉ូឌី សន្យាថាឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៉ី (Video inside)

16-10-2025 08:49

(វ៉ាស៊ីនតោន)៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៥ ខែតុលា បានអះអាងថានាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសន្យាជាមួយរូបលោកថាឥណ្ឌានឹង ឈប់ទិញប្រេងពីរុស្ស៉ី ប៉ុន្មានខែបន្ទាប់ពីលោក ត្រាំ ដំឡើងពន្ធគយលើទំនិញនាំចូលពីឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភ្លាមៗខាងឥណ្ឌាមិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់លោក ត្រាំ នៅឡើយទេ។ លោក ម៉ូឌី កន្លងមកបានប្រកាន់ជំហរថាឥណ្ឌានឹងនៅតែបន្តទិញប្រេងពីរុស្ស៉ីដែលជា សម្ព័ន្ធមិត្តជាប់ប្រវត្តិសាស្ត្ររបស់ខ្លួន បើទោះជាទីក្រុងមូស្គូកំពុងឈ្លានពានអ៊ុយក្រែនក៏ដោយ។

ក៏ប៉ុន្តែ លោក ម៉ូឌី ហាក់ដូចជាបានបង្ហាញពីបំណងចង់សា្ដរទំនាក់ទំនងឡើងវិញជាមួយលោក ត្រាំ តាមរយៈការជួបពិភាក្សាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំ ទីក្រុងញូវដែលី និងជាមនុស្សជំនិតម្នាក់របស់លោក ត្រាំ គឺលោក Sergio Gor ប៉ុន្មានម៉ោងក្រោយទូតអាមេរិកថ្មីរូបនេះធ្វើដំណើរទៅដល់ទីក្រុងញូវដែលី។

គួរបញ្ជាក់ថា នៅក្រោយជំនួបជាមួយលោក ម៉ូឌី លោក Sergio Gor បាននិយាយថារដ្ឋបាលលោក ត្រាំ ឱ្យតម្លៃលើទំនាក់ទំនងជាមួយឥណ្ឌា ហើយថាលោកមានសុទិដ្ឋិនិយមថានឹងមាន កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ម៉ូឌី ក្នុងពេលឆាប់ៗ។ លោក ត្រាំ កាលពីខែសីហាកន្លងទៅ បានដំឡើងការយកពន្ធគយលើការនាំចូលទំនិញពីឥណ្ឌាដល់ ៥០ភាគរយ ខណៈក្រុមមន្ត្រីជំនិតៗរបស់លោក ត្រាំ ចោទថាឥណ្ឌាកំពុងទ្រទ្រង់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន តាមរយៈការបន្តទិញប្រេងពីមូស្គូ៕