ឥណ្ឌាមិនបដិសេធ ហើយក៏មិនទទួលស្គាល់ បន្ទាប់ពីលោក ត្រាំ អះអាងថាលោក Modi សន្យាឈប់ទិញប្រេងពីរុស្ស៉ី (Video inside)
16-10-2025 14:27
(ញូវដែលី)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឥណ្ឌាមិនបានទទួលស្គាល់ ហើយក៏មិនបានបដិសេធនោះដែរ បន្ទាប់ពីអាមេរិកបានអះអាងថា ខ្លួនបានសន្យាផ្លាស់ប្តូរគោលនយោបាយថាមពល ចំពោះប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងញូវដែលី គ្រាន់តែលើកឡើងថា អាទិភាពផ្នែកថាមពលរបស់ខ្លួន គឺឈរលើផលប្រយោជន៍របស់ពលរដ្ឋឥណ្ឌា។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយដូច្នេះថា «អាទិភាពជាប់លាប់មករហូតរបស់យើង គឺរក្សាការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ឥណ្ឌា ចំពោះមុខសេណារីយ៉ូថាមពលមួយ ដែលគ្មានភាពទៀងទាត់នឹងនរ។ គោលនយោបាយនាំចូលថាមពលរបស់យើង គឺត្រូវបានកំណត់ទាំងស្រុងដោយកម្មវត្ថុមួយនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសន្យាជាមួយរូបលោកថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៉ីទៀតហើយ ប៉ុន្មានខែបន្ទាប់ពីលោក ត្រាំ បានដំឡើងពន្ធគយទ្វេដងលើទំនិញនាំចូលពីប្រទេសឥណ្ឌា៕