លោក ដូណាល់ ត្រាំ នឹងទៅកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា សម្រាប់កិច្ចប្រជុំ APEC ជាទីដែលលោកអាចនឹងជួបទ្វេភាគី ជាមួយលោក ស៉ី ជីនពីង (Video inside)

16-10-2025 15:28

(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក៏ត្រូវបានរំពឹងថា នឹងមានវត្តមានផងដែរក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១ ខែវិច្ឆិកា។ កាលពីសប្តាហ៍កន្លងទៅ លោក ត្រាំ បានគំរាមលុបចោលផែនការបើកជំនួបទ្វេភាគី​ជាមួយលោក ស៉ី អំឡុងព្រឹត្តិការណ៍នោះ ដោយសារបញ្ហាវិវាទពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ ប៉ុន្តែកាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានអះអាងថា លោក ត្រាំ នៅតែគ្រោងជួបលោក ស៉ី ដដែល។

ដោយឡែក ទីក្រុងសេអ៊ូល បាននិយាយទៀតថា កិច្ចប្រជុំរវាងភាគីអាមេរិកនិងកូរ៉េខាងជើង អំឡុងព្រឹត្តិការណ៍ APEC ក៏អាចមាន​លទ្ធភាពទៅរួចដែរ។ លោក ត្រាំ ធ្លាប់បានបង្ហាញក្តីសង្ឃឹមថា នឹងអាចជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សាជាថ្មី ខណៈ​ទីក្រុងព្យុងយ៉ាង បាននិយាយថា លោក គីម បើកចំហចំពោះការចរចាគ្នា ប៉ុន្តែក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន។ លោក ត្រាំ និងលោក គីម ធ្លាប់ជួបគ្នាផ្ទាល់សរុប៣លើក អំឡុងអាណត្តិទី១របស់លោក ត្រាំ ប៉ុន្តែបរាជ័យក្នុងការសម្រេចឱ្យបាន កិច្ចព្រមព្រៀងរឹងមាំយូរអង្វែងមួយ ស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕