លោក ត្រាំ ថានឹងជួបលោក ពូទីន នៅទីក្រុង Budapest ក្រោយជំនួបតាមទូរស័ព្ទ (Video inside)

17-10-2025 09:12

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី បន្ទាប់ពីមានកិច្ចសន្ទនាប្រកបដោយផលិតភាពមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ដែលនេះកំពុងបង្កឱ្យមានការសង្ស័យកាន់តែខ្លាំងថាតើរូបលោកនឹង បញ្ជូនមីស៊ីលរយ​ៈចម្ងាយឆ្ងាយ Tomahawk ទៅឱ្យអ៊ុយក្រែនឬយ៉ាងណា មុននឹងត្រូវទទួលស្វាគមន៍លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីនៅឯសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រោយជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន លោក ត្រាំ បាននិយាយថារូបលោកផ្ទាល់រំពឹងថានឹងជួបលោក ពូទីន ក្នុងរដ្ឋធានី Budapest ក្នុងពេល២សប្ដាហ៍ខាងមុខ ហើយដែលនេះអាចនឹងក្លាយជាជំនួបដោយផ្ទាល់លើកទី២ រវាងមេដឹកនាំទាំង២ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចវិញក្នុងអាណត្តិទី២។ វិមានក្រឹមឡាំងបានបង្ហាញ ការស្វាគមន៍ ដោយចាត់ទុកកិច្ចសន្ទនាបានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងគួរឱ្យជឿទុកចិត្ត ហើយថានឹងត្រៀមលក្ខណៈភ្លាមៗដើម្បីរៀបចំកិច្ចប្រជុំកំពូល។ ប៉ុន្តែ លោក ហ្សេលេនស្គី បានអះអាងថាការសម្លុតគំរាមរបស់លោក ត្រាំថានឹងបញ្ជូន Tomahawk ទៅឱ្យអ៊ុយក្រែនបានបង្ខំឱ្យលោក ពូទីន បើកកិច្ចពិភាក្សាជាមួយលោក ត្រាំ។

តាមលោក ត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងបើកកិច្ចពិភាក្សាក្នុងពេលឆាប់ៗជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov ដើម្បីជជែកគ្នាអំពីការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំង២។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីពេលថ្មីៗនេះបាននិយាយថារូបលោកប្រហែលជានឹងបញ្ជូនមីស៊ីល Tomahawk ប្រសិនបើលោក ពូទីន មិនព្រមបញ្ឈប់សង្រ្គាមទេនោះ។ ប៉ុន្តែ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន លោក ត្រាំ បានធ្វើឱ្យគេកាន់តែសង្ស័យចំពោះការសម្រេចចិត្តណាមួយរបស់លោកដោយបាននិយាយថា សហរដ្ឋអាមេរិក មិនអាចធ្វើឱ្យឃ្លាំងស្ដុក Tomahawk ថយចុះនោះទេ៕