មេបញ្ជាការទ័ពជើងទឹកអាមេរិកប្រចាំអាមេរិកឡាទីន នឹងលាលែងចេញពីតំណែង ចំពោះមុខការបារម្ភពីហានិភ័យជម្លោះជាមួយវ៉េណេស៊ុយអេឡា (Video inside)

17-10-2025 09:38

(វ៉ាស៊ីនតោន)៖ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់អាមេរិកឡាទីន នឹងលាលែងចេញពីតំណែងនៅដំណាច់ឆ្នាំ២០២៥នេះ ២ឆ្នាំមុនចូលនិវត្តន៍។ នេះជាការបញ្ជាក់របស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា នៅក្នុងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំពេលរដ្ឋបាលលោក ត្រាំ កំពុងសម្ញែងសាច់ដុំយោធាដាក់វ៉េណេស៊ុយអេឡា។

មន្ត្រីអាមេរិកម្នាក់ដែលបានដឹងពីបញ្ហាខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមានភាពតានតឹងរវាងលោកឧត្តមនាវី Alvin Holsey និងលោក Hegseth ពាក់ព័ន្ធនឹងប្រតិបត្តិការនៅក្នុងតំបន់សមុទ្រ Caribbean។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Jack Reed ដែលជាសមាជិកនៃ គណៈកម្មាធិការសេវាប្រដាប់អាវុធនៃព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ បានចាត់ទុកថាប្រកាសពីលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Holsey ជាបញ្ហាមួយ ស្របពេលមានការភ័យខ្លាចពីហានិភ័យនៃការផ្ទុះឡើងនូវជម្លោះរវាងសហរដ្ឋអាមេរិកជាមួយវ៉េណេស៊ុយអេឡា។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Hegseth មិនបានបញ្ជាក់ពីមូលហេតុនៃការលាលែងពីតំណែងរបស់លោក Holsey នោះទេ។ លោក Holsey វិញបាននិយាយថារូបលោកនឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ។

គួរបញ្ជាក់ថា ការលែងចេញពីតំណែងរបស់លោក Holsey កើតមានឡើងចំពេលសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធានៅក្នុងតំបន់ Caribbean ក្នុងនោះរួមមានទាំង ការដាក់ពង្រាយនាវាពិឃាដប្រដាប់ដោយមីស៊ីល យន្ដហោះចម្បាំង F-35 នាវាមុជទឹកនុយក្លេអ៊ែរ និងកងទ័ពអាមេរិកជិត ៦៥០០នាក់ ខណៈលោក ត្រាំ កំពុងដំឡើងសាច់ដុំ យោធាដាក់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងកម្ទេចក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅក្បែរដែនទឹកវ៉េណេស៊ុយអេឡា។ លោក ត្រាំ ត្រូវបានគេរាយការណ៍ថាកំពុងពិចារណា បើកការវាយប្រហារលើក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅក្នុងទឹកដីវ៉េណេស៊ុយអេឡា។

ជាពិសេស កាលពីថ្ងៃពុធកន្លងទៅ លោក ត្រាំ បានទទួលស្គាល់ថារូបលោកបានអនុញ្ញាតឱ្យទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិក CIA ធ្វើប្រតិបត្តិការសម្ងាត់នៅវ៉េណេស៊ុយអេឡា ដែលនេះបាន និងកំពុងបង្កការសង្ស័យថាសហរដ្ឋអាមេរិកកំពុងព្យាយាមផ្ដួលរលំលោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច៕