វ៉េណេស៊ុយអេឡា ស្នើក្រុមប្រឹក្សាសន្តិសុខ UN ចាត់ទុកការវាយប្រហាររបស់អាមេរិក លើទូកវ៉េណេស៊ុយអេឡា ថាខុសច្បាប់ (Video inside)

17-10-2025 11:54

(ញូវយ៉ក)៖ វ៉េណេស៊ុយអេឡា បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កំណត់ការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើទូកនៅតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ថាជាអំពើខុសច្បាប់ ហើយចេញសេចក្តីថ្លែងការណ៍ គាំទ្រអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ ២០២៥។

តាមលិខិតផ្ញើជូនក្រុមប្រឹក្សាសន្តិសុខដែល Reuters ទទួលបាន ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡាប្រចាំនៅ UN លោក Samuel Moncada ចោទប្រកាន់ទីក្រុងវ៉ាស៉ីនតោនថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ នៅក្នុងការវាយប្រហារលើទូកស៉ីវិល ដែលឆ្លងកាត់ដែនទឹកអន្តរជាតិ។ លោកក៏បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការស៉ើអង្កេតដើម្បីកំណត់លក្ខណៈខុសច្បាប់ និងចេញសេចក្តីថ្លែងការណ៍បញ្ជាក់ឡើងវិញ ពីគោលការណ៍ណាដែលត្រូវបានចាត់ទុក ថាគ្មានការគោរពចំពោះអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីនៃរដ្ឋមួយ រួមទាំងវ៉េណេស៊ុយអេឡាផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យបង្កើនកម្លាំងយោធានៅតំបន់ Caribbean ភាគខាងត្បូង។ ទាហានអាមេរិកបាន​ធ្វើ​ការវាយប្រហារ​​ ៥លើក ដែល​រដ្ឋបាលលោក ត្រាំ ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាពជួញ​ដូរ​គ្រឿង​ញៀន ប៉ុន្តែ​មិន​បាន​ផ្តល់​ភស្តុតាងណាមួយឡើយ៕