សេតវិមាន អះអាងថា ឥណ្ឌាបានកាត់បន្ថយការនាំចូលប្រេងរុស្ស៉ី៥០ភាគរយហើយ ក្រោយកិច្ចពិភាក្សាជាមួយអាមេរិក (Video inside)
17-10-2025 13:27
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា មន្រ្តីសេតវិមានបានអះអាងថា កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងឥណ្ឌា បានប្រព្រឹត្តទៅប្រកបដោយផលិតភាព ហើយឥណ្ឌាបានកាត់បន្ថយការនាំចូលពីប្រេងពីរុស្ស៉ីប្រមាណ៥០ភាគរយរួចជាស្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យ៉ាងណាមិញ ប្រភពពីក្នុងប្រទេសឥណ្ឌាផ្ទាល់ បានឱ្យដឹងថា ការកាត់បន្ថយ នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ ប៉ុន្តែវាអាចត្រូវឆ្លុះបញ្ចាំងឱ្យឃើញ ក្នុងតួលេខនៃការនាំចូលប្រេង សម្រាប់ខែធ្នូចុងឆ្នាំនេះ ឬខែមករាដើមឆ្នាំក្រោយ។ ប្រភពដដែល បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌា មិនទាន់បានជូនដំណឹងជាផ្លូវការ ដល់បណ្តាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា ស្តីពីសំណើបន្ថយការនាំចូលពីរុស្ស៉ីនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថានាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសន្យាជាមួយរូបលោកថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៉ី ប៉ុន្មានខែបន្ទាប់ពីលោក ត្រាំ ដំឡើងពន្ធគយលើទំនិញនាំចូលពីឥណ្ឌា៕