នាយករដ្ឋមន្រ្តីម៉ុងហ្គោលី លាលែងពីតំណែង ក្រោយទើបចូលកាន់បាន៤ខែ (Video inside)
17-10-2025 14:07
(អ៊ូឡង់បាទ័រ)៖ នាថ្ងៃសុក្រ ទី១៧ ខែតុលា នាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលី លោក Gombojav Zandanshatar បានសម្រេចលាលែងចេញពីតំណែង បន្ទាប់ពីទើបចូលកាន់តួនាទីបានរយៈពេល៤ខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Zandanshatar ត្រូវបានសភាម៉ុងហ្គោលី តែងតាំងជានាយករដ្ឋមន្រ្តី បន្ទាប់ពីនាយករដ្ឋមន្រ្តីមុន គឺលោក Luvsannamsrai Oyun-Erdene បានចុះចេញពីតំណែង ដោយសារតែបាត់បង់ការគាំទ្រពីក្រុមសមាជិកសភា ក្រោយរងការចោទប្រកាន់អំពើពុករលួយ ហើយមានការផ្ទុះបាតុកម្មតវ៉ាតាមដងផ្លូវ។
គួរបញ្ជាក់ថា លោក Oyun-Erdene បានធ្វើជានាយករដ្ឋមន្រ្តីម៉ុងហ្គោលី ចាប់តាំងពីខែមករា ឆ្នាំ២០២១ ហើយលោកបានចុះចេញពីតំណែង កាលពីដើមខែមិថុនា ឆ្នាំនេះ ក្រោយជាប់ឆ្នោតអាណត្តិទី២ កាលពីខែកក្កដា ឆ្នាំ២០២៤៕