មុនជួបលោក ត្រាំ លោក ហ្សេលេនស្គី បង្ហាញក្តីសង្ឃឹមថា ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា នឹងអាចជួយនាំទៅរកការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី (Video inside)

17-10-2025 14:31

(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា សន្ទុះនៃដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា នឹងអាចជួយនាំទៅរក ការបិទបញ្ចប់នៃសង្រ្គាមនៅប្រទេសរបស់លោក បង្កឡើងដោយរុស្ស៉ី ដែលបានអូសបន្លាយជាង៣ឆ្នាំកន្លះមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បាន​បង្ហោះសារនៅលើ Telegram យ៉ាងដូច្នេះថា «យើងមានកិច្ចប្រជុំ ដែលគ្រោងធ្វើឡើង​ជាមួយលោកប្រធានាធិបតី ត្រាំ នាថ្ងៃស្អែក ហើយពួកយើងកំពុងសង្ឃឹមថា សន្ទុះនៃកិច្ចប្រឹងប្រែងចង់កាត់បន្ថយសង្រ្គាម ដែលមានប្រសិទ្ធភាពនៅមជ្ឈិមបូព៌ា ដើម្បីជួយបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន»

គួរបញ្ជាក់ថា នាថ្ងៃសុក្រសប្តាហ៍នេះ លោក ហ្សេលេនស្គី និងលោក ត្រាំ ត្រូវបានរំពឹងថា នឹងជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៉ីនតោន ជាទីដែលមេដឹកនាំទាំងពីរ នឹងជជែកអំពីការការពារដែនអាកាស ក៏ដូចជាសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។ ដោយឡែក លោក ត្រាំ ក៏បានឱ្យដឹងដែរថា រូបលោកគ្រោងនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងប៊ុយដាប៉ែស​នៃប្រទេសហុងគ្រី ក្នុងរយៈពេល២សប្តាហ៍ខាងមុខ ក្រោយលោកបានសន្ទនាតាមទូរសព្ទជាមួយ លោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍៕