សភាជប៉ុន នឹងបោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ (Video inside)

17-10-2025 15:05

(តូក្យូ)៖ គណៈកម្មាធិការរៀបចំកាលវិភាគនៃរដ្ឋសភាជប៉ុន បានឯកភាពរៀបចំការបោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃអង្គារ ទី២១ ខែតុលា។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥។

ស្របពេលគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលដឹកនាំដោយមេដឹកនាំថ្មីរបស់ខ្លួន គឺលោកស្រី Sanae Takaichi គឺជាអ្នក​ដែលស្នើកាលបរិច្ឆេទខាងលើ ក្រុមគណបក្សប្រឆាំង បានព្យាយាមជំទាស់កាលបរិច្ឆេទនោះ ក្រោមហេតុផលថា ពួកគេកំពុងចរចាគ្នានៅឡើយ ​ដើម្បីបង្កើតក្រុមចម្រុះ ប្រជែងតំណែងនាយករដ្ឋមន្រ្តី ជាមួយបក្ស LDP។

គណបក្ស LDP ត្រូវគេមើលឃើញថា បានទាក់ទងជាមួយបក្សប្រឆាំងដែលមានទំនោរទៅរកស្តាំនិយម គឺគណបក្សនវានុវត្តន៍ជប៉ុន ដើម្បីព្យាយាមធានានូវសំឡេងឆ្នោតគាំទ្រភាគច្រើន ហើយពង្រីកក្រុមចម្រុះរបស់ខ្លួន ដែលនឹងអនុញ្ញាតឱ្យលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលជាស្រ្តី។

គួរបញ្ជាក់ថា មានព្រឹត្តិការណ៍ការទូតសំខាន់ៗជាច្រើន កំពុងតែរង់ចាំនាយករដ្ឋមន្រ្តីជប៉ុនថ្មី ចាប់ពីពេលនេះ រហូតដល់ចុងខែតុលា ពោលគឺរាប់តាំងពីកិច្ចប្រជុំអន្តរជាតិ នៅប្រទេសម៉ាឡេស៉ីនិងកូរ៉េខាងត្បូង រហូតដល់គម្រោងទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ មកកាន់ប្រទេសជប៉ុន៕