អារ៉ាប៊ីសាអូឌីត ស្ថិតក្នុងការពិភាក្សាជាមួយអាមេរិក ស្តីពីកិច្ចព្រមព្រៀងការពារជាតិ, នេះបើតាម Financial Times
17-10-2025 15:35
(វ៉ាស៉ីនតោន)៖ កាសែត Financial Times បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងពិភាក្សាពី កិច្ចព្រមព្រៀងការពារជាតិ ជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងអាចសម្រេចបាន នៅពេលដែលព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ទៅកាន់សេវិតមាននាខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ ២០២៥។
មន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានប្រាប់កាសែត Financial Times ថាមានការពិភាក្សាអំពីការចុះហត្ថលេខា
នៅពេលដែលព្រះអង្គម្ចាស់យាងមក ប៉ុន្តែព័ត៌មានលម្អិតអាចប្រែប្រួល។ ការពិភាក្សាទំនងជាទាក់ទងនឹង សន្ធិសញ្ញាអាមេរិក-កាតា បន្ទាប់ពីការសន្យាថា នឹងចាត់ទុកការវាយប្រហារប្រដាប់អាវុធណាមួយលើកាតា គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។
អារ៉ាប៊ីសាអូឌីត បានស្វែងរកជាយូរមកហើយ នូវការធានាដែលស្រដៀងទៅនឹងកិច្ចព្រមព្រៀងអាមេរិក-កាតា ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងអ៉ីស្រាអែលមានប្រក្រតីភាព។ តាមក្រសួងការបរទេសអាមេរិក ប្រាប់ Financial Times កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយអារ៉ាប៊ីសាអូឌីត គឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃយុទ្ធសាស្ត្រក្នុងតំបន់។
គួរបញ្ជាក់ថា ការព្រមព្រៀងគ្នាមួយ រវាងសហរដ្ឋអាមេរិក និងកាតាបានកើតឡើង បន្ទាប់ពីអ៉ីស្រាអែល កាលពីខែមុនបានប៉ុនប៉ងសម្លាប់មេដឹកនាំក្រុមហាម៉ាស ដោយការវាយប្រហារតាមអាកាសលើទីក្រុងដូហា៕