WFP៖ ជំនួយស្បៀង ៥៦០ តោនចូលហ្កាហ្សារាល់ថ្ងៃ ប៉ុន្តែមិនទាន់អាចទៅដល់ភាគខាងជើងដែលគ្រោះទុរ្ភិក្សកំពុងកើតមានឡើយ (Video inside)
17-10-2025 19:29
(ហ្សឺណែវ)៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសនៅថ្ងៃសុក្រថា ជំនួយស្បៀងជាមធ្យម ៥៦០ តោន បានចូលទៅក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។ ទោះជាយ៉ាងណា ក្បួនរថយន្តជំនួយទាំងនេះជួបបញ្ហាក្នុងការទៅដល់ភាគខាងជើងដែលកំពុងរងគ្រោះដោយទុរ្ភិក្ស ដោយសារផ្លូវខូចខាត និងការបន្តបិទច្រកជំនួយសំខាន់ៗ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
អ្នកនាំពាក្យ WFP លោកស្រី អាបៀ អ៊ីតេហ្វា (Abeer Etefa) បានថ្លែងថា «បទឈប់បាញ់បានបើកឱកាសតូចមួយ ហើយ WFP កំពុងធ្វើការយ៉ាងរហ័សដើម្បីបង្កើនជំនួយស្បៀង»។ លោកស្រីបានបញ្ជាក់ថា WFP មិនទាន់អាចចាប់ផ្តើមការចែកចាយនៅទីក្រុង Gaza City បានទេ ដោយសារការបិទច្រកព្រំដែន Zikim និង Erez ជាមួយប្រទេសអ៊ីស្រាអែល។ លោកស្រីបានសង្កត់ធ្ងន់ថា «ការបើកច្រកនៅភាគខាងជើងមានសារៈសំខាន់ខ្លាំង ព្រោះជាតំបន់ដែលទុរ្ភិក្សកំពុងកើតមាន»។
គួរបញ្ជាក់ថា ទោះបី WFP ជួបឧបសគ្គក្នុងការចូលទៅភាគខាងជើង ទិន្នន័យអង្គការសហប្រជាជាតិបង្ហាញថា រថយន្តជំនួយប្រមាណ ៩៥០ គ្រឿងបានចូលហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ និង ៧១៥ គ្រឿងនៅថ្ងៃពុធ។ ទន្ទឹមនេះ ទីភ្នាក់ងារ UN Women បានព្រមានថា «បទឈប់បាញ់អាចបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែមិនបញ្ចប់វិបត្តិទេ» ដោយបញ្ជាក់ថា ស្ត្រីនិងក្មេងស្រីជាង ១ លាននាក់នៅតែត្រូវការជំនួយស្បៀង៕