វិមានក្រឹមឡាំងបញ្ជាក់ថា ជំនួបរវាងពូទីន-ត្រាំ អាចនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ (Video inside)

17-10-2025 22:49

(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អាចនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ឬយូរជាងនេះបន្តិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា មាន «ការយល់ដឹងរួមគ្នាថា គ្មានអ្វីគួរត្រូវបានពន្យារពេលឡើយ»។ លោកបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ នឹងចាប់ផ្តើមធ្វើការលើបញ្ហានេះ។

គួរបញ្ជាក់ថា ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា លោកនឹងជួបជាមួយលោក ពូទីន នៅទីក្រុងប៊ុយដាប៉ែស ក្រោយការសន្ទនាតាមទូរស័ព្ទ។ យោងតាមវិមានក្រឹមឡាំង មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការផ្តល់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនានោះ៕