របបសឹកមីយ៉ាន់ម៉ា អះអាងពីការវាយដណ្ដើមបានវិញទីក្រុងដ៏សំខាន់មួយ ពីក្រុមប្រដាប់អាវុធជនជាតិភាគតិច (Video inside)
18-10-2025 10:20
(យ៉ាងហ្គន)៖ របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា បានអះអាងថាខ្លួនវាយដណ្ដើមបានមកវិញទីក្រុងមួយដែលស្ថិតនៅតាមបណ្ដោយផ្លូវ highway ឆ្ពោះទៅកាន់ប្រទេសចិន ពីក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានគូសបញ្ជាក់ក្នុងសេចក្ដីរាយការណ៍មួយដូច្នេះថា «បន្ទាប់ពីធ្វើប្រតិបត្តិការអស់រយៈពេល ១៦ថ្ងៃ ពោលគឺ នៅថ្ងៃទី១៦ ខែតុលា Tatmadaw (យោធាមីយ៉ាន់ម៉ា) វាយដណ្ដើមបានមកវិញទីក្រុង Hsipaw ទាំងស្រុង»។ រដ្ឋ Shan ស្ថិតនៅភាគខាងជើងមីយ៉ាន់ម៉ា បានក្លាយជាសមរភូមិ ប្រយុទ្ធដ៏ក្ដៅគគុកចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ជាពេលដែលសម្ព័ន្ធភាពក្រុមប្រដាប់អាវុធជនជាតិភាគតិចបានបើកប្រតិបត្តិការវាយលុកប្រឆាំងនឹងយោធានៃរបបសឹក នៅតាមបណ្ដោយផ្លូវ highway ភ្ជាប់ទៅខេត្ត Yunnan របស់ចិន។
ក្រុមប្រដាប់អាវុធជនជាតិភាគតិច Ta'ang National Liberation Army ហៅកាត់ថា TNLA វាយដណ្ដើមបានមូលដ្ឋានយោធាចុងក្រោយបំផុតមួយនៅក្នុងទីក្រុង Hsipaw សិ្ថតនៅក្នុងរដ្ឋ Shan កាលពីខែតុលា ឆ្នាំមុន ក្រោយការវាយប្រយុទ្ធអស់ជាច្រើនសប្ដាហ៍។
គួរបញ្ជាក់ថា ទីក្រុង Hsipaw មានប្រជាជនរស់នៅប្រហែល ២០ ០០០នាក់ និងស្ថិតនៅតាមបណ្ដោយផ្លូវ highway ភ្ជាប់ចេញពីទីក្រុង Mandalay ជាទីក្រុងធំទី២ របស់មីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ព្រំដែនចិន ជាទីដែលលំហូរពាណិជ្ជកម្មទំហំរាប់រយលានដុល្លារឆ្លងកាត់ ក្នុងមួយឆ្នាំៗ៕