លោក ត្រាំ ថាលោក ម៉ាឌូរ៉ូ ព្រមធ្វើតាមគ្រប់យ៉ាង ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក (Video inside)

18-10-2025 11:59

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា បាននិយាយថាប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានយល់ព្រមផ្ដល់សម្បទានដ៏ធំ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងវ៉ាស៊ីនតោនបានចោទលោក ម៉ាឌូរ៉ូថាជាមេកើយពួកឧក្រិដ្ឋគ្រឿងញៀនមួយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងបានបង្កើនការដាក់ពង្រាយកម្លាំងយោធា ក្នុងនោះរួមមានទាំង យន្ដហោះបំបាំងកាយ និងនាវាចម្បាំងចំនួន៧គ្រឿង ទៅកាន់តំបន់សមុទ្រ Caribbean ជាផ្នែកមួយនៃយុទ្ធនាការមួយដែលរដ្ឋបាលលោក ត្រាំ ហៅថាជាសង្រ្គាមប្រឆាំងនឹងពួកឧក្រិដ្ឋជន រត់ពន្ធគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិក។ លោក ម៉ាឌូរ៉ូ បានច្រានចោលការចោទប្រកាន់បែបនេះ ហើយបានចោទបកទៅវិញថាសហរដ្ឋអាមេរិកមានបំណងផ្លាស់ប្ដូររបបដឹកនាំ នៅវ៉េណេស៊ុយអេឡា។

នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានអំពីសេចក្ដីរាយការណ៍ដែលថាទីក្រុងការ៉ាកាសបង្ហាញពីបំណងបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក លោក ត្រាំ បានឆ្លើយថាលោក ម៉ាឌូរ៉ូ យល់ព្រមឱ្យអ្វីៗគ្រប់យ៉ាង ពីព្រោះលោកមិនហ៊ានជាមួយសហរដ្ឋអាមេរិកទេ។ លោក ត្រាំ មិនបានបង្ហើបលម្អិតថាតើអី្វទៅជាសម្បទានដែលលោកអះអាងថា លោក ម៉ាឌូរ៉ូ យល់ព្រមធ្វើតាមនោះទេ ខណៈខាងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានទាត់ចោលការចុះផ្សាយរបស់សារព័ត៌មាន Miami Herald ដែល រាយការណ៍ថាលោកស្រីបានលួចចរចាជាសម្ងាត់ជាមួយសហរដ្ឋអាមេរិក លើផែនការទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាច។ ក្នុងសប្ដាហ៍នេះដែរ លោក ត្រាំ ផ្ទាល់ក៏បានទទួលស្គាល់ផងដែរថា រូបលោកបានអនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ធ្វើប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕