ចិន និងសហរដ្ឋអាមេរិក ឯកភាពគ្នាថានឹងរៀបចំកិច្ចចរចាពាណិជ្ជកម្ម ក្នុងពេលឆាប់ៗ (Video inside)
18-10-2025 14:40
(ប៉េកាំង)៖ ចិន និងសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា បានឯកភាពគ្នាលើការរៀបចំកិច្ចចរចាពាណិជ្ជកម្មជាថ្មីក្នុងពេលឆាប់ៗ ខណៈមហាអំណាចសេដ្ឋកិច្ចធំបំផុត ទាំង២របស់ពិភពលោកកំពុងព្យាយាមបញ្ចៀសការខូចខាតដែលអាចបង្កឡើងដោយសារការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
ទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន បានប្រកាសពីការដាក់ចេញវិធានការរឹតបន្តឹងគ្រប់គ្រងលើការនាំចេញរ៉ែកម្រ ដោយធ្វើឱ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្ដៅស្លឹក ត្រចៀក និងគំរាមដំឡើងពន្ធគយ១០០ភាគរយលើទំនិញនាំចូលពីចិន ជាការសងសឹក។ លោក ត្រាំ ក៏បានគំរាមផងដែរថានឹងលុបចោលជំនួបដែលត្រូវបានគ្រោងទុករវាងលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងខែតុលានេះ នាឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC។
ជាការគូសបញ្ជាក់ចុងក្រោយបំផុតអំពីកិច្ចប្រឹងប្រែងដោះស្រាយជម្លោះជាមួយសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាឧបនាយករដ្ឋមន្ត្រី លោក He Lifeng និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានបើកកិច្ចសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅ និងប្រកបដោយលក្ខខណៈស្ថាបនា នៅព្រឹកថ្ងៃសៅរ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ភាគីទាំង២ បានឯកភាពគ្នាថានឹងរៀបចំកិច្ចចរចាពាណិជ្ជកម្មជុំថ្មី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅលើបណ្ដាញទំនាក់ទំនងសង្គមវិញ លោក Bessent បានចាត់ទុកកិច្ចពិភាក្សាជាមួយភាគីចិនថាបានដំណើរការទៅដោយភាពស្មោះត្រង់ និងលម្អិត ហើយនិយាយថា រូបលោក និងលោក He Lifeng អាចនឹងជួបគ្នាដោយផ្ទាល់នៅសប្ដាហ៍ក្រោយ ដើម្បីបន្តកិច្ចពិភាក្សា។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុនកិច្ចសន្ទនារវាងលោក Bessent និងលោក He Lifeng សារព័ត៌មាន Fox News បានរាយការណ៍ដោយផ្អែកបទសម្ភាសន៍ជាមួយលោក ត្រាំ ថាលោកប្រធានាធិបតីអាមេរិកបាននិយាយថាលោកនឹងជួបលោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង៕