បទវិភាគ៖ ការអនុវត្ត «ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤» បញ្ចប់យ៉ាងគាប់ប្រសើរ សេដ្ឋកិច្ចចិននឹងសម្រេចបាន នូវសមិទ្ធផលកាន់តែធំធេងឥតឈប់ឈរ

18-10-2025 17:16

(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ខែតុលាខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តលើ《សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីការតាក់តែងផែនការអភិវឌ្ឍន៍ជាតិទី១៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គម》។ ប្រវត្តិសាស្ត្រវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដំណាក់កាលនីមួយៗ សុទ្ធតែមានភារកិច្ចខុសៗគ្នា រីឯភារកិច្ចដ៏សំខាន់បំផុតក្នុងអំឡុងពេលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥” គឺអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។

តាំងពីឈានចូលយុគសម័យថ្មីមក បក្សកុម្មុយនីស្តចិនបានបូកសរុបយ៉ាងស៊ីជម្រៅ នូវបទពិសោធនិងមេរៀននៃការអភិវឌ្ឍ ទាំងជាតិនិងអន្តរជាតិ ក៏ដូចជានិន្នាការអភិវឌ្ឍន៍ជាទូទៅ ដោយលើកឡើងទស្សនៈអភិវឌ្ឍន៍ថ្មីស្តីពីការច្នៃប្រឌិតថ្មី ភាពស៊ីសង្វាក់គ្នា ភាពបៃតងភាពបើកទូលាយនិងការចែករំលែកជាមួយគ្នា ដែលឆ្លើយដោយវិទ្យាសាស្ត្រនូវបញ្ហាទ្រឹស្តីនិងជាក់ស្តែងមួយចំនួន ដែលការអភិវឌ្ឍរបស់ចិនត្រូវប្រឈម។ ពីឆ្នាំ២០១២ដល់ឆ្នាំ២០២៤ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិន (GDP)បានកើនឡើងពី៥៤ទ្រីលានយាន់ប្រាក់ចិន ដល់ជិត១៣៥ទ្រីលានយាន់ប្រាក់ចិន គិតជាមធ្យម ក្នុងមួយឆ្នាំបានកើនឡើង ៦ភាគរយដែលស្មើនឹងជិតពីរដង នៃល្បឿនកំណើនគិតជាមធ្យមក្នុងមួយឆ្នាំនៃសេដ្ឋកិច្ចពិភពលោក ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានប្រកាសរបាយការណ៍កាលពីខែវិចិ្ឆកាឆ្នាំ២០២៤ថា សេដ្ឋកិច្ចចិនកំពុងផ្លាស់ប្តូរ ទៅកាន់រូបមន្តកំណើន ដែលប្រកបដោយគុណភាពកាន់តែខ្ពស់កាន់តែមានតុល្យភាព និងកាន់តែមាននិរន្តរភាព។

សមត្ថភាពច្នៃប្រឌិតថ្មីជំរុញឱ្យកម្លាំងប្រកួតប្រជែងជាស្នូល របស់ប្រទេសជាតិត្រូវលើកកម្ពស់ជាបន្តបន្ទាប់។ ចំណាត់ថ្នាក់របស់ចិន ក្នុងសន្ទស្សន៍ច្នៃប្រឌិតថ្មីសកល បានកើនឡើងពីលេខរៀងទី៣៤នៅឆ្នាំ២០១២ ដល់លេខរៀងទី១០នៅឆ្នាំ២០២៥ ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចមួយ ដែលកម្លាំងច្នៃប្រឌិតថ្មីត្រូវលើកកម្ពស់ឆាប់បំផុត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ។ ការសុំប៉ាតង់លើមូលដ្ឋានសន្ធិសញ្ញាសហប្រតិបត្តិការខាងប៉ាតង់របស់ចិន នៅឆ្នាំ២០២៤ បានឡើងដល់ចំនួន៧ម៉ឺន១៦០ ដែលច្រើនជាងសហរដ្ឋអាមេរិក ដែលកាន់លំដាប់ថ្នាក់ទីពីរនិងជប៉ុន ដែលកាន់លំដាប់ថ្នាក់ទីបីចំនួន៣០ភាគរយ និង៤៥ភាគរយដោយឡែកពីគ្នា។

ភាពបៃតងជាលក្ខណៈពិសេស នៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី ។ ចិនបានរៀបចំចាត់ចែងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងការការពារប្រកបដោយកម្រិតខ្ពស់ ប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេ នូវការដើរតាមផ្លូវអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ ដែលតម្កល់ទុកអេកូឡូស៊ីជាអាទិភាព សន្សំសំចៃថាមពលមានភាពបៃតងនិងកាបូនទាប អនុវត្តយ៉ាងស៊ីជម្រៅនូវទស្សនៈស្តីពីទឹកថ្លា និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយ នៃសង្គមនិងសេដ្ឋកិច្ច ។ តាមសន្ទស្សន៍ធ្វើបរិវត្តកម្មថាមពល ដែលវេទិកាសេដ្ឋកិច្ចពិភពលោក បានប្រកាសកាលពីខែមិថុនាឆ្នាំ២០២៥ បង្ហាញឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំណាត់ថ្នាក់របស់ចិនកើនឡើងពីលេខរៀងទី៧៨ ដល់លេខរៀងទី១២។

ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងភាគលាភធនធានមនុស្សបង្កប់ នូវកាលានុវត្តភាពយ៉ាងខ្លាំង។ នៅឆ្នាំ២០២៤ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរបស់ចិន មានចំនួនលើសពី៣,៦ទ្រីលានយាន់ប្រាក់ចិន ដែលមានទំហំវិនិយោគជិតកម្រិតជាមធ្យម នៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ច ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ ដែលចេញផ្សាយលើទស្សនាវដ្តីអន្តរជាតិនិងចំនួនប៉ាតង់តក្កកម្ម សុទ្ធតែកាន់លំដាប់ទីមួយលើពិភពលោក ។ ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពន្លឿនការរួមបញ្ចូលគ្នាជាមួយការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម សមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខត្រូវបានប្រែទៅជា កម្លាំងផលិតកម្មគុណភាពថ្មីឥតឈប់ឈរ ។ ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនកាន់លំដាប់ថ្នាក់ ឈានមុខលើទូទាំងពិភពលោក ដែលនឹងផ្តល់កម្លាំងចលករដ៏ខ្លាំងក្លា ចំពោះការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម។

ចាប់ពីការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤” មក ផលិតផលក្នុងស្រុកសរុបរបស់ចិន (GDP)បានលើសពី១១០ទ្រីលានយាន់ប្រាក់ចិន ១២០ទ្រីលានយាន់ប្រាក់ចិន និង១៣០ទ្រីលានយាន់ប្រាក់ចិនជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០២៥ បរិមាណសេដ្ឋកិច្ចសរុបរបស់ចិន ត្រូវបានរំពឹងថានឹងឈានដល់១៤០ទ្រីលានយាន់ប្រាក់ចិន ដែលបានផ្តល់ចរន្តកក់ក្តៅសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចចិនមិនត្រឹមតែសម្រេចបាន នូវកំណើនជាលំដាប់លើមូលដ្ឋានលក្ខខណ្ឌរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បំពេញបន្ថែមកម្លាំងចលករថ្មី និងទស្សនៈថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ផងដែរ។ សេដ្ឋកិច្ចចិនបានក្លាយជា “នាវាផ្ទុកយន្តហោះខាងសេដ្ឋកិច្ច”លើពិភពលោករួចហើយ ហើយនឹងបន្តដើរតួនាទីជា “ម៉ាស៊ីនបញ្ឆេះ”និង “យុថ្កាលំនឹង”ជាដើមនៃសេដ្ឋកិច្ចសកលតទៅទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន