សមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana ដាក់លិខិតទៅកាន់អគ្គស្នងការនគរបាលថៃ ដើម្បីស្នើសុំការការពារ ក្រោយរងការគំរាមសម្លាប់រឿងរិះគន់ចាក់សំឡេងខ្មោចបំពានសិទ្ធិរស់នៅរបស់ប្រជាជនកម្ពុជា (Video inside)

18-10-2025 17:23

(បាងកក)៖ សមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelapaijit និងលោក Sunai Phasuk ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅក្នុងប្រទេសថៃ នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា បានដាក់ជូនលិខិតមួយច្បាប់ទៅកាន់អគ្គស្នងការនគរបាលជាតិថៃ លោក Kittirat Panphet ដើម្បីស្នើសុំការការពារពីអាជ្ញាធរ បន្ទាប់ពីអ្នកទាំង២ រងការគំរាមសម្លាប់នៅលើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរិះគន់ការចាក់សំឡេងខ្មោចនៅជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។

លោកស្រី Angkhana Neelapaijit ដែលជាសមាជិកព្រឹទ្ធសភាថៃបានរងការគំរាមសម្លាប់នៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីលោកស្រីបានចេញប្រឆាំងការចាក់សំឡេងរំខាន ប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ពីសំណាក់ក្រុមជ្រុលនិយម ក្រោមការគាំទ្ររបស់យោធា និងអាជ្ញាធរខេត្តស្រះកែវ។ លោកស្រី Angkhana បានប្រឈមនឹងការរិះគន់ យ៉ាងខ្លាំងពីប្រជាជនថៃមួយចំនួន ដែលបានចោទប្រកាន់នាងថា «ជាជនជាតិថៃ ប៉ុន្តែមានបេះដូងខ្មែរ» បន្ទាប់ពីលោកស្រីបានបញ្ចេញជំហរប្រឆាំងនឹងការប្រើឧបករណ៍បំពងសំឡេងរំខាន ប្រជាជនខ្មែរនៅពេលយប់ នៅតំបន់ភូមិព្រៃចាន់ និងជោគជ័យរបស់ខ្មែរ។

គួរបញ្ជាក់ថា ជំហររបស់លោកស្រីបានបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីក្រុមជនជាតិនិយមថៃជ្រុលនិយម ដែលបានទាមទារឱ្យលោកស្រីលាលែងពីតំណែងសមាជិកព្រឹទ្ធសភា។

លោកស្រី Angkhana ត្រូវបានគេស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មលើបញ្ហាសិទ្ធិមនុស្សនៅប្រទេសថៃ៕