អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន​ នឹងបេីកកិច្ចចរចាសន្តិភាព នៅកាតា​ ក្រោយការប៉ះទង្គិចដ៏ប្រល័យតាមព្រំដែន

18-10-2025 19:37

(ដូហា)៖ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នឹងបើកកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា នៃប្រទេសកាតា នាថ្ងៃសៅរ៍ ទី១៩ ខែតុលា បន្ទាប់ពីប្រទេសជិតខាងក្នុងតំបន់អាស៉ីខាងត្បូងទាំងពីរនេះ បានបន្តបទឈប់បាញ់ ក្រោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅព្រំដែនរយៈពេលមួយសប្តាហ៍។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការចរចាជាមួយភាគីប៉ាគីស្ថាន នឹងប្រព្រឹត្តទៅក្នុងទីក្រុងដូហា ខណៈក្រុមការងារដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Mullah Muhammad Yaqoob បានទៅដល់ទីនោះហេីយ។

ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ លោក Khawaja Muhammad Asif នឹងដឹកនាំការពិភាក្សាជាមួយតំណាងក្រុមតាលីបង់អាហ្វហ្គានីស្ថាន។ កិច្ចពិភាក្សានឹងផ្តោតលើវិធានការបន្ទាន់ដើម្បីបញ្ចប់អំពើភេរវកម្មឆ្លងព្រំដែនប្រឆាំងប៉ាគីស្ថាន និងស្ដារសន្តិភាព ស្ថិរភាពនៅតាមព្រំដែន។

គួរបញ្ជាក់ថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្របានបន្តបទឈប់បាញ់រយៈពេល ៤៨ម៉ោងសម្រាប់ការចរចានៅទីក្រុងដូហា ខណៈដែលពួកគេព្យយាមស្វែងរកដំណោះស្រាយការប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់រយនាក់រងរបួស នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងកាប៊ុលក្នុងឆ្នាំ ២០២១៕