បិតារូបវិទ្យា និងជាជ័យលាភីណូបែល ជនជាតិចិន លោក Chen Ning Yang ទទួលមរណភាព ក្នុងអាយុ ១០៣ឆ្នាំ

18-10-2025 22:10

(ប៉េកាំង)៖ លោក Chen Ning Yang ដែលជាបិតារូបវិទ្យាដ៏ល្បីល្បាញបំផុតមួយរូបរបស់ពិភពលោក និងជាម្ចាស់ពានរង្វាន់ណូបែលបានទទួលមរណភាព ដោយសារជំងឺ ក្នុងអាយុ ១០៣ឆ្នាំ នៅទីក្រុងប៉េកាំង។ នេះបេីយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ ២០២៥។

កើតនៅទីក្រុង Hefei ខេត្ត Anhui ភាគខាងកើតប្រទេសចិនក្នុងឆ្នាំ ១៩២២ លោក Yang បានឈ្នះពានរង្វាន់ណូបែលរូបវិទ្យារួមជាមួយ លោក Tsung-Dao Lee ក្នុងឆ្នាំ ១៩៥៧។ លោកក៏ជាសមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងជាសាស្រ្តាចារ្យមួយរូបនៃសាកលវិទ្យាល័យ Tsinghua ដ៏ល្បីល្បាញផងដែរ។

លោក Yang ដែលមានឈ្មោះហៅក្រៅថា Yang Zhenning បានសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chicago ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ហើយជាអ្នកវិទ្យាសាស្ត្រចិនដំបូងគេដែលបានធ្វេីទស្សនកិច្ចប្រទេសចិន នៅពេលដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងចិនចាប់ផ្តើមបើកចំហនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។

ចាប់តាំងពីឆ្នាំ ១៩៩៩ លោក Yang បានបង្រៀននៅសាកលវិទ្យាល័យ Tsinghua ជាទីដែលលោកធ្លាប់ចំណាយពេល ៨ឆ្នាំក្នុងវ័យកុមារភាពរបស់លោក និងនៅពេលដែលឪពុករបស់លោកធ្វេីជាសាស្រ្តាចារ្យនៅទីនោះ៕