ក្រោយកិច្ចប្រជុំជាមួយលោក ស៉ី លោក ត្រាំ ថានឹងបន្ថយពន្ធ១០ភាគរយលើចិន ហើយជាថ្នូរចិនព្រមទិញផលិតផលកសិកម្ម និងមិនរឹតត្បិតរ៉ែកម្រ (Video inside)
30-10-2025 13:04
(Air Force One)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានយល់ព្រមបន្ថយពន្ធគយលើចិន ពី៥៧ភាគរយ មកនៅត្រឹម៤៧ភាគរយ ហើយជាថ្នូរ ទីក្រុងប៉េកាំងយល់ព្រមបន្តទិញសណ្តែកសៀងអាមេរិក និងផលិតផលកសិកម្មដទៃទៀតឡើងវិញ និងក្នុងបរិមាណច្រើន ព្រមទាំងលុបចោលការរឹតត្បិតលើការនាំចេញរ៉ែកម្រដ៏សំខាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។
លោក ត្រាំ បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ក្រោយបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង។ វាគឺជាជំនួបលើកដំបូងរវាងអ្នកទាំងពីរ គិតចាប់តាំងពីឆ្នាំ២០១៩។
ដោយចាត់ទុកកិច្ចប្រជុំខាងលើ ជាជំនួបជោគជ័យមួយ លោក ត្រាំ បាននិយាយថា ពន្ធ២០ភាគរយ ដែលត្រូវបានដាក់លើចិន ពាក់ព័ន្ធបញ្ហាគ្រឿងញៀន fentanyl នឹងត្រូវបន្ថយមក១០ភាគរយ មានន័យថា ការយកពន្ធគយជាមធ្យម៥៧ភាគរយលើទំនិញចិនភាគច្រើន នឹងត្រូវចុះមកនៅ៤៧ភាគរយវិញ។ លោក ត្រាំ បាននិយាយថា ចិននឹងបង្កើនកិច្ចប្រឹងប្រែងបង្រ្កាបលំហូរនៃថ្នាំញៀនដ៏ប្រល័យនេះ។
ចំណែក ពាក់ព័ន្ធនឹងបញ្ហារ៉ែកម្រ លោក ត្រាំ បាននិយាយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរយៈពេល១ឆ្នាំ ប៉ុន្តែអាចចរចាពន្យារបន្ថែមបានជារៀងរាល់ឆ្នាំ ដោយចិនយល់ព្រមផ្គត់ផ្គង់រ៉ែកម្រមកឱ្យអាមេរិក ដោយគ្មានការរារាំង។ នៅលើពិភពលោក ចិនជាប្រទេសធំដាច់គេ ខាងផ្គត់ផ្គង់រ៉ែកម្រ ដែលជាវត្ថុធាតុចាំបាច់សម្រាប់សម្ភារគ្រប់បែបយ៉ាង រាប់ចាប់ពីបរិក្ខារប្រើប្រាស់ទូទៅក្នុងផ្ទះ និងរថយន្ត រហូតដល់ថាមពល និងសព្វាវុធ។
គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ បើតាមការអះអាងរបស់លោកប្រធានាធិបតីអាមេរិក ចិនក៏បានយល់ព្រមទិញក្នុងចំនួនយ៉ាងច្រើន នូវសណ្តែកសៀងរបស់អាមេរិក ព្រមទាំងផលិតផលកសិកម្មដទៃទៀតផងដែរ ក្រោយកិច្ចពិភាក្សាជាមួយលោក ស៉ី ជីនពីង។ យ៉ាងណាមិញ មិនទាន់មានការចេញសេចក្តីថ្លែងការណ៍ ឬការអត្ថាធិប្បាយណាមួយនៅឡើយទេ ពីខាងទីក្រុងប៉េកាំង ស្តីពីលទ្ធផលនៃជំនួបកំពូលរបស់លោក ស៉ី ជាមួយលោក ត្រាំ៕











