បែលហ្ស៉ិក បញ្ចេញឈ្មោះកងកម្លាំងបរទេស ដែលចូលរួមប្រឆាំងការបំពានដែនអាកាសដោយដ្រូន (Video inside)

11-11-2025 11:47

(ព្រុចសែល)៖ ប្រទេសបែលហ្ស៉ិក បានរាយនាមកងកម្លាំងប្រដាប់អាវុធបរទេស ដែលនឹងចូលរួមក្នុងការងារបង្រ្កាប ឬតាមដានយន្តហោះដ្រូន ដែលមករំខានជុំវិញអាកាសយានដ្ឋាន មូលដ្ឋានយោធា និងរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ដោយក្រុមមន្ត្រីនិយាយថា វាសុទ្ធតែជាសញ្ញានៃការជ្រៀតជ្រែកពីសំណាក់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

មន្ត្រីបែលហ្ស៊ិកម្នាក់ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា «យើងកំពុងធ្វើការជាមួយដៃគូ ដើម្បីព្យាយាមចាប់ដ្រូន ឬស្វែងរកកន្លែងដែលដ្រូនត្រូវបានបាញ់ចេញ និងទីតាំងដែលវាអាចទៅដល់»។ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការពារជាតិបែលហ្ស៉ិក លោក Theo Francken បានប្រាប់កាសែតក្នុងស្រុកថា មានការសន្មត់ថា រុស្ស៉ីជាអ្នកនៅពីក្រោយឧប្បត្តិហេតុដ្រូននានា «ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់បានទេ»។ តាមលោក Theo Francken កងកម្លាំងប្រឆាំងនឹងដ្រូនរបស់បារាំង អាល្លឺម៉ង់ អង់គ្លេសបានមកដល់បែលហ្ស៊ិក ហើយអ្នកឯកទេសប្រហែល ២០នាក់នៃកងទ័ពអាកាសអង់គ្លេស ត្រូវបានដាក់ពង្រាយ ជាមួយនិងប្រព័ន្ធដែលអាចបំបែកការរារាំងពីការចាប់សញ្ញានៃដ្រូន។

គួរបញ្ជាក់ថា សញ្ញានៃដ្រូន បានបង្ខំឱ្យអាជ្ញាធរបិទអាកាសយានដ្ឋានទីក្រុងព្រុចសែល ដ៏មមាញឹករបស់បែលហ្ស៉ិក រយៈពេល ៤ម៉ោង កាលពីយប់ឈានចូលថ្ងៃអង្គារ ដែលជាឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុបន្តបន្ទាប់គ្នាថ្មីៗ ដែលបាននាំឱ្យមានការបិទកន្លែងផ្ទុកទំនិញនៃអាកាយានដ្ឋាន Liege មួយពេលខ្លី និងបានរំខានដល់មូលដ្ឋានទ័ពអាកាសមួយផងដែរ។ រុស្ស៉ី ​​បដិសេធ​រាល់​ការ​ពាក់ព័ន្ធ​ទៅនឹងឧប្បត្តិហេតុដ្រូន​ ដោយស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងព្រុចសែល បានចេញសេចក្តីថ្លែងការណ៍មួយថា រុស្ស៉ីគ្មានចំណាប់អារម្មណ៍ចំពោះសកម្មភាពបែបនោះឡើយ៕