វិមានក្រឹមឡាំង អះអាងថាខ្លួនចង់ឱ្យសង្រ្គាមអ៊ុយក្រែនចប់ឆាប់ៗតាមតែអាចទៅរួច ប៉ុន្តែកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជាប់គាំង (Video inside)

11-11-2025 14:04

(មូស្គូ)៖ កាលពីថ្ងៃចន្ទ វិមានក្រឹមឡាំង បាននិយាយថា ខ្លួនចង់ឱ្យសង្រ្គាមនៅអ៊ុយក្រែនបិទបញ្ចប់ ក្នុងពេលឆាប់ៗតាមតែអាចទៅរួច ប៉ុន្តែកិច្ចប្រឹងប្រែងដើម្បីស្វែងរកសន្តិភាព បានជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយដូចខាងលើ ឆ្លើយតបនឹងសម្តីកាលពីថ្ងៃសុក្រសប្តាហ៍មុនរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ថា «បើតាមខ្ញុំគិត ពួកយើងអាចយល់ស្របថា សង្រ្គាមនឹងបិទបញ្ចប់ ក្នុងពេលអនាគតមិនសូវជាឆ្ងាយប៉ុន្មាននោះទេ»

លោក Peskov បានលើកឡើងសាជាថ្មី នូវគោលជំហររបស់វិមានក្រឹមឡាំង ដែលថាសង្រ្គាមអាចបញ្ចប់ នៅពេលណាដែលរុស្ស៉ី​សម្រេចគោលដៅទាំងអស់របស់ខ្លួន ហើយចង់ធ្វើបែបនោះ តាមរយៈមធ្យោបាយការទូតនិងនយោបាយ។ លោក Peskov បាននិយាយដោយទម្លាក់កំហុសលើអ៊ុយក្រែនថា «យ៉ាងណាមិញ ឥឡូវនេះគឺមានការផ្អាក ដោយស្ថានការណ៍ត្រូវជាប់គាំង ហើយវាជាប់គាំង មិនមែនដោយសារតែកំហុសយើងនោះទេ»

គួរបញ្ជាក់ថា អ៊ុយក្រែននិងសម្ព័ន្ធមិត្តនៅអឺរ៉ុប បានច្រានចោលការចោទប្រកាន់របស់ទីក្រុងមូស្គូ ដែលថាពួកគេជាអ្នកកំពុងរារាំងកិច្ចប្រឹងប្រែងស្វែងរក​សន្តិភាព។ ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដាមក ពុំមានកិច្ចពិភាក្សាទល់មុខគ្នារវាងរុស្ស៉ីនិងអ៊ុយក្រែន ត្រូវបានធ្វើឡើងនោះឡើយ។ ស្របពេលដែលសង្រ្គាម កំពុងបន្តអូសបន្លាយឆ្ពោះទៅរករយៈពេល៤ឆ្នាំ រុស្ស៉ីកាន់កាប់បានទឹកដីប្រហែល ២០ភាគរយរបស់អ៊ុយក្រែន ហើយកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីវាយយកទីក្រុងដទៃទៀត ដូចជា Pokrovsk និង Kupiansk៕