រុស្ស៉ីថាបានទប់ស្កាត់ ផែនការរបស់អ៊ុយក្រែននិងអង់គ្លេស ដែលចង់លួចយកយន្តហោះចម្បាំង MiG-31 មានបំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង (Video inside)
11-11-2025 14:44
(មូស្គូ)៖ នាថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខ FSB បានទប់ស្កាត់ផែនការមួយរបស់ ភ្នាក់ងារចារកម្មអ៊ុយក្រែននិងចក្រភពអង់គ្លេស ដែលមានគោលដៅអូសទាញអ្នកបើកយន្តហោះរុស្ស៉ី ឱ្យលួចយកយន្តហោះចម្បាំង MiG-31 មួយគ្រឿង មានបំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង Kinzhal ជាថ្នូរនឹងទឹកប្រាក់៣លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានបង្ហាញរូបភាពនៃការផ្ញើសារនិងឃ្លីបសំឡេង របស់បុរសម្នាក់ដែលត្រូវបានអះអាងថា ធ្វើការឱ្យបណ្តាញចារកម្មរបស់អ៊ុយក្រែននិងអង់គ្លេស ហើយបានស្នើផ្តល់ប្រាក់រង្វាន់៣លានដុល្លារ ដល់ពីឡុតរុស្ស៉ីម្នាក់ឱ្យបើកយន្តហោះ MiG-31 យកទៅកាន់តំបន់អឺរ៉ុប ហើយពីឡុតនោះ ក៏នឹងទទួលបានការផ្តល់សញ្ជាតិថែមទៀតផង។
គួរបញ្ជាក់ថា រុស្ស៉ីចាត់ទុកចក្រភពអង់គ្លេស ជាសត្រូវចម្បងមួយរបស់ខ្លួន។ ទីក្រុងមូស្គូ បានចោទថា ទីក្រុងឡុងដ៍ គឺជាអ្នកជួយដុតបញ្ឆេះសង្រ្គាមនៅអ៊ុយក្រែន ហើយចារកម្មអង់គ្លេសបានជួយអ៊ុយក្រែន ធ្វើប្រតិបត្តិការចូលជ្រៅនៅក្នុងទឹកដីរុស្ស៉ី។ រីឯអង់គ្លេសវិញ បានហៅសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ថាគឺជាទង្វើវាយដណ្តើមទឹកដីបែបចក្រពត្តិ ហើយទីក្រុងឡុងដ៍ បានព្រមានម្តងហើយម្តងទៀតថា បណ្តាញចារកម្មរុស្ស៉ី បាននិងកំពុងព្យាយាមសាបព្រោះភាពចលាចល នៅពាសពេញអឺរ៉ុប ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕




