អេក្វាទ័រ ផ្ទេរអ្នកទោសហិង្សា ៣០០នាក់ទៅកាន់ពន្ធនាគារដ៏តឹងរ៉ឹងបំផុត (Video inside)
11-11-2025 15:29
(គីតូ)៖ ប្រធានាធិបតីនៃប្រទេសអេក្វាទ័រ លោក Daniel Noboa បានឱ្យដឹងថា អ្នកទោសហិង្សាចំនួន ៣០០នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ដែលមានការយាមកាមតឹងរ៉ឹងមួយ នៅលើឆ្នេរសមុទ្ររបស់អេក្វាទ័រ រួមទាំងអតីតអនុប្រធានាធិបតី លោក Jorge Glas ផងដែរ បន្ទាប់ពីអ្នកទោស ៣១នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សា ក្នុងពន្ធនាគារភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
តាមបណ្តាញសង្គម X លោក Noboa បញ្ជាក់ថា «អ្នកទោសដ៏ហិង្សា ៣០០នាក់ ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារ Encuentro រូចហើយ។ បញ្ហាឧក្រិដ្ឋកម្មចង់ធ្វើឱ្យអេក្វាទ័រលំបាក ថ្ងៃនេះ អេក្វាទ័របានឆ្លើយតបជាមួយនិងសកម្មភាពជាក់ស្តែង»។ ការផ្ទេរទៅកាន់ពន្ធនាគារ Encuentro ក្នុងខេត្ត Santa Elena គឺជាផ្នែកមួយនៃផែនការរបស់ លោក Noboa ដើម្បីធ្វើឱ្យចំនួនក្រុមឧក្រិដ្ឋជន ដែលមានក្នុងពន្ធនាគារដ៏ចង្អៀតរបស់អេក្វាទ័រ ថយចុះ ខណៈអ្នកទោសរាប់រយនាក់បានស្លាប់ ដោយការប៉ះទង្គិចគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗ។
គួរបញ្ជាក់ថា ពន្ធនាគារ Encuentro អាចផ្ទុកមនុស្សបានជាង ៧០០នាក់។ ប្រព័ន្ធពន្ធនាគាររបស់អេក្វាទ័របច្ចុប្បន្នមាន ៣០ភាគរយលើសសមត្ថភាពចំណុះ៕




