កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី៣០ នៅប្រេស៉ីល ប្រព្រឹត្តទៅដោយអវត្តមានប្រធានាធិបតី ដូណាល់ ត្រាំ (Video inside)
11-11-2025 16:15
(BELEM, ប្រេស៉ីល)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រហែលច្បាស់ហើយថាចៀសវាង កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) ឆ្នាំនេះ ទាក់ទងនឹងព្រៃ Amazon របស់ប្រេស៉ីល ដោយចូលមកដល់ថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ជាថ្ងៃទីពីរនៃកិច្ចប្រជុំ គឺមានតែវត្តមានអភិបាលរដ្ឋ California និងអភិបាលរដ្ឋ New Mexico។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
របៀបវារៈរបស់អភិបាលរដ្ឋ California លោក Gavin Newsom នៅប្រេស៉ីល រួមមានកិច្ចប្រជុំជាមួយលោកស្រី Helder Barbalho អភិបាលរដ្ឋ Para ដែលទីក្រុង Belem ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ COP30 និងជួបជាមួយលោកស្រី Michelle Lujan Grisham អភិបាលរដ្ឋ New Mexico។
លោក Newsom នឹងណែនាំកាតបៃតង រួមទាំងទំហំសេដ្ឋកិច្ចរង្វង់ ៤.១ពាន់ពាន់លានដុល្លាររបស់រដ្ឋ California ដែលឥឡូវនេះ ត្រូវបានដំណើរការដោយថាមពលស្អាត ចំនួន ២ភាគ ៣ និងកម្មវិធី Cap-and-Invest ដែលទទួលបានជោគជ័យ និងជាទីផ្សារកាបូនដែលមានច្បាប់អនុញ្ញាតដល់ឆ្នាំ ២០៤៥ ឱ្យគេឯងបានស្គាល់។ រីឯលោកស្រី Lujan Grisham អភិបាលរដ្ឋ New Mexico នឹងជំរុញឱ្យមានការពង្រីកថាមពលកកើតឡើងវិញ និងទប់ស្កាត់ការបំភាយឧស្ម័នមេតានពីវិស័យប្រេង និងឧស្ម័ន។
គួរបញ្ជាក់ថា លោក ត្រាំ នៅតែដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ពេលត្រលប់ចូលកាន់តំណែង ក្នុងខែមករា។ ប៉ុន្តែតាម Champa Patel នាយកប្រតិបត្តិសម្រាប់រដ្ឋាភិបាល និងគោលនយោបាយនៃអង្គការ Climate Group អាមេរិកនៅតែអាចបន្តគម្រោងអាកាសធាតុ ដែលបន្សល់ទុកពីជំនាន់លោក បៃដិន។ Climate Group គ្រប់គ្រងសម្ព័ន្ធភាពនៃរដ្ឋ និងតំបន់នានារបស់ពិភពលោក៕






