អ៉ីរ៉ង់ ស្វែងរក «កិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសន្តិវិធី» ជាមួយសហរដ្ឋអាមេរិក (Video inside)
11-11-2025 19:52
(តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយនៅថ្ងៃអង្គារថា អ៉ីរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ «ដោយសន្តិវិធី» មួយជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ប៉ុន្តែនឹងមិនធ្វើសម្បទានលើសន្តិសុខជាតិរបស់ខ្លួនឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងនៅក្នុងវេទិកាពិភាក្សាយុទ្ធសាស្ត្រមួយ លោក Khatibzadeh បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបញ្ជូនសារផ្ទុយគ្នាទៅកាន់ទីក្រុងតេហេរ៉ង់ អំពីការចរចានុយក្លេអ៊ែរតាមរយៈប្រទេសទីបី។ លោកបានបញ្ជាក់ថា ការចរចានុយក្លេអ៊ែរទាំងប្រាំជុំត្រូវបានផ្អាក ចាប់តាំងពីសង្គ្រាមរយៈពេល ១២ថ្ងៃ រវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលកាលពីខែមិថុនា។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា «ទីក្រុងតេហេរ៉ង់មិនបានស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរទេ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការធានាដល់ពិភពលោកអំពីបញ្ហានេះ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Khatibzadeh ហាក់មានភាពផ្ទុយគ្នាពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី កាលពីសប្តាហ៍មុន ដែលបានបដិសេធការចរចាជាមួយសហរដ្ឋអាមេរិកក្រោមការគំរាមកំហែង។ ក្នុងខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ នៅពេលដែលទីក្រុងតេហេរ៉ង់ត្រៀមខ្លួន៕




