លោក Zelenskiy បំពេញទស្សនកិច្ចនៅទីក្រុងសមរភូមិជួរមុខ Kherson ដែលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង (Video inside)

11-11-2025 20:51

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (olodymyr Zelenskiy) នៅថ្ងៃអង្គារនេះ បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងជួរមុខ ខឺសុន (Kherson) ដែលជាទីក្រុងមួយស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីទីតាំងកងទ័ពរុស្ស៊ី និងកំពុងប្រឈមនឹងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ព្រមទាំងការវាយប្រហារដោយដ្រូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានបង្ហោះរូបថតរបស់លោកនៅច្រកចូលទីក្រុង និងបានបង្ហោះវីដេអូដែលលោកកំពុងថ្លែងសុន្ទរកថា ដើម្បីរំឭកខួប៣ឆ្នាំ នៃការដកទ័ពរបស់រុស្ស៊ីចេញពីទីក្រុងខឺសុនក្នុងឆ្នាំ២០២២។

លោកបានមានប្រសាសន៍ក្នុងសុន្ទរកថានោះយ៉ាងដូច្នេះថា «យើងកំពុងត្រៀមការសម្រេចចិត្តផ្សេងៗ ដែលនឹងជួយពង្រឹងទីក្រុងខឺសុន»។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានបញ្ជាក់ផងដែរថា លោកនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះ ជាមួយមន្ត្រីមូលដ្ឋាន និងតំណាងយោធា ដើម្បីពិភាក្សាអំពីការការពារទីក្រុង ដែលកំពុងជួបបញ្ហាជាមួយនឹងការគំរាមកំហែងដែលកើនឡើងឥតឈប់ឈរពីដ្រូនវាយប្រហារទំហំតូចរបស់រុស្ស៊ី៕