UN៖ ស្ត្រីនៅតំបន់ Darfur រាយការណ៍ពីការរំលោភសេពសន្ថវៈ និងការបាត់បង់កូន ចំពេលអំពើហិង្សានៅស៊ូដង់ (Video inside)
11-11-2025 22:10
(ហ្សឺណែវ)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកស្ត្រី (UN Women) បានប្រកាសកាលពីថ្ងៃអង្គារថា ស្ត្រីដែលកំពុងរត់ភៀសខ្លួនចេញពីទីក្រុង អាល់-ហ្វាស៊ៀ (al-Fashir) របស់ស៊ូដង់ បានរាយការណ៍ពីករណីឃាតកម្ម ការរំលោភសេពសន្ថវៈជាប្រព័ន្ធ និងការបាត់ខ្លួនរបស់កូនៗរបស់ពួកគេ បន្ទាប់ពីទីក្រុងនេះត្រូវបានយោធាគាំទ្ររហ័ស (RSF) យកកាន់កាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
អគ្គនាយកប្រចាំតំបន់របស់ UN Women លោកស្រី អាន់ណា មុតាវ៉ាទី (Anna Mutavati) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ត្រីដែលរត់គេចខ្លួនចេញពីទីក្រុង អាល់-ហ្វាស៊ៀ បានរៀបរាប់ថា ពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវការសម្លាប់ ការរំលោភសេពសន្ថវៈ និងការបាត់ខ្លួនរបស់កូនៗរបស់ពួកគេ ដែលជា «ភាពគួរឱ្យរន្ធត់ដែលគ្មាននរណាម្នាក់គួរត្រូវទទួលយក»។ លោកស្រីបានបន្ថែមថា អំពើហិង្សាផ្លូវភេទកំពុងរាលដាលយ៉ាងខ្លាំង។
លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា «មានភស្តុតាងកើនឡើងជាបន្តបន្ទាប់ថា ការរំលោភសេពសន្ថវៈត្រូវបានប្រើប្រាស់ដោយចេតនា និងជាប្រព័ន្ធធ្វើជាអាវុធសង្គ្រាម...រូបកាយរបស់ស្ត្រីបានក្លាយជាកន្លែងកើតឧក្រិដ្ឋកម្មនៅស៊ូដង់។ គ្មានកន្លែងសុវត្ថិភាពណាមួយនៅសល់ទេ»៕
គួរបញ្ជាក់ថា ការដួលរលំរបស់ទីក្រុងអាល់-ហ្វាស៊ៀ កាលពីថ្ងៃទី២៦ ខែតុលា បានពង្រឹងការគ្រប់គ្រងរបស់ RSF លើតំបន់ Darfur ទាំងមូល។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មានមនុស្សប្រមាណ ៨២,០០០ នាក់បានរត់ភៀសខ្លួនចេញពីទីក្រុងនេះ និងតំបន់ជុំវិញ ចាប់តាំងពីថ្ងៃទី២៦ ខែតុលាមក ខណៈមនុស្សរហូតដល់ ២០០,០០០ នាក់ទៀតអាចនៅតែជាប់គាំងនៅខាងក្នុង៕





