ការមកដល់នៃនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Gerald Ford ធ្វើឱ្យវ៉េណេស៊ុយអេឡាភ័យបុកពោះពីការវាយប្រហារ
12-11-2025 09:44
(ការ៉ាកាស)៖ ការមកដល់នៃនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង អមដោយនាវាចម្បាំងជាច្រើនគ្រឿងក្នុងតំបន់អាមេរិកឡាទីន កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា កំពុងធ្វើឱ្យវ៉េណេស៊ុយអេឡាភ័យបុកពោះ ខណៈរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro បានប្រកាសដាក់ពង្រាយយោធានៅទូទាំងប្រទេស ត្រៀមទប់ទល់ក្នុងករណីមានការវាយប្រហារតាមផ្លូវអាកាស ឬតាមផ្លូវគោកពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
USS Gerald R. Ford ដែលជានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកធំជាងគេបំផុតនៅលើពិភពលោក បានចូលទៅក្នុងតំបន់មួយគ្រប់គ្រងដោយទីបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំភូមិភាគខាងត្បូងដែល ទទួលបន្ទុកលើតំបន់អាមេរិកឡាទីន និង Caribbean។ ការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងនេះធ្វើឡើងតាមបញ្ជារបស់លោក ដូណាល់ ត្រាំ កាលពីជាង៣សប្ដាហ៍មុន ដើម្បីជួយដល់ប្រតិបត្តិការបង្ក្រាប ការរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានឱ្យដឹងដែរថាការដាក់ពង្រាយ USS Gerald R. Ford នឹងជួយជំរុញសមត្ថភាពរបស់សហរដ្ឋអាមេរិក នៅក្នុងការចាប់សញ្ញា តាមដាន និងរារាំងពួកឧក្រិដ្ឋជន ក៏ដូចជាសកម្មភាពខុសច្បាប់ដែលបំផ្លាញសុវត្ថិភាព និងភាពរុងរឿងរបស់សហរដ្ឋអាមេរិក ព្រមទាំងសន្តិសុខនៅក្នុងតំបន់អឌ្ឍគោលខាងលិច។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន និងកំពុងដឹកនាំប្រតិបត្តិការយោធានៅក្នុងតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ជាមួយការដាក់ពង្រាយនាវាចម្បាំង យន្ដហោះចម្បាំង ដើម្បីបង្ក្រាបការរត់ពន្ធគ្រឿងញៀន។ ទីក្រុងការ៉ាកាសវិញ កំពុងភ័យខ្លាចថាការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានការដាក់ពង្រាយយន្ដហោះចម្បាំង F-35 ទៅកាន់ដែនដី Puerto Rico និងនាវាចម្បាំង៦គ្រឿងក្នុងតំបន់ Caribbean មានគោលបំណងផ្លាស់ប្ដូររបបដឹកនាំនៅវ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែវិច្ឆិកា បាននិយាយថាសហរដ្ឋអាមេរិកមិនមានបំណងធ្វើសង្រ្គាមជាមួយវ៉េណេស៊ុយអេឡានោះទេ ប៉ុន្តែបានព្រលយថាការកាន់អំណាចរបស់លោក Maduro កំពុងត្រូវបានរាប់ថយក្រោយ។ យោធាមេរិក មកទល់នឹងពេលនេះ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោច ១៩លើក ប្រឆាំងនឹងទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅក្នុងតំបន់សមុទ្រ Caribbean និងតំបន់ប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្សយ៉ាងហោច ៧៦នាក់។ ប្រឈមមុខនឹងភាពតានតឹងជាមួយសហរដ្ឋអាមេរិក វ៉េណេស៊ុយអេឡាកាលពីថ្ងៃអង្គារ បានប្រកាសដាក់ពង្រាយយោធានៅទូទាំង ប្រទេស ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសហរដ្ឋអាមេរិក៕








