តម្លៃប្រេងហក់ឡើង ខណៈវិនិយោគិន ព្យាយាមរក្សាតុល្យភាពហានិភ័យនៃទណ្ឌកម្មអាមេរិក លើក្រុមហ៊ុនប្រេងរុស្ស៉ី
12-11-2025 11:10
(ញូវយ៉ក)៖ តម្លៃប្រេង បានកើនឡើងប្រហែល ១ដុល្លារ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយសារតែផលប៉ះពាល់នៃទណ្ឌកម្មអាមេរិកលើក្រុមហ៊ុនប្រេងរុស្ស៉ី តែក៏មានសុទិដ្ឋិយមលេចឡើង ជុំវិញលទ្ធភាពដែលថារដ្ឋាភិបាលអាមេរិកអាចនឹងបើកឡើងវិញ ទោះបីជាមានក្តីបារម្ភអំពីការផ្គត់ផ្គង់លើសកម្រិតក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ប្រេងឆៅ Brent ដែលទូទាត់រួច មានតម្លៃ ៦៥.១៦ដុល្លារក្នុងមួយបារ៉ែល ដែលបានឡើងថ្លៃ ១.១០ដុល្លារ ឬ ១.៧២ភាគរយ។ រីឯប្រេងឆៅរបស់អាមេរិក West Texas Intermediate បានឡើងថ្លៃ ៩១សេន ឬ ១.៥១ភាគរយ គឺ ៦១.០៤ដុល្លារក្នុងមួយបារ៉ែល។
ក្រុមវិនិយោគិនបន្តវាយតម្លៃទៅលើលទ្ធផល ចេញពីទណ្ឌកម្មអាមេរិកចំពោះក្រុមហ៊ុនប្រេងរុស្ស៉ី និងឥទ្ធិពលរបស់វាទាំងលើទីផ្សារប្រេងឆៅ និងប្រេងឥន្ធនៈ។ ប្រភពមួយបានប្រាប់ Reuters ថាក្រុមហ៊ុន Lukoil បានដាក់កំហិតរោងចក្រផលិតប្រេងនៅអ៉ីរ៉ាក់ ដែលនេះជាផលប៉ះពាល់ធំមួយដោយទណ្ឌកម្ម។ តាមអ្នកវិភាគនៅក្រុមហ៊ុន PVM លោក Tamas Varga ការដាក់កំហិតលើនាំចេញកំពុងធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ។
ដោយឡែក ក្រុមហ៊ុនផលិតប្រេងនៅមជ្ឈិមបូព៌ា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងគុយវ៉ែត នឹងបង្កើនការផ្គត់ផ្គង់ប្រេងឆៅទៅឱ្យឥណ្ឌា នៅក្នុងខែធ្នូ ខណៈក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ស្វែងរកជម្រើសផ្សេងមកជំនួសរុស្ស៉ី។ ទីផ្សារប្រេងហាក់មានពន្លឺវិញខ្លះ នៅពេលដែលការបិទរដ្ឋាភិបាលអាមេរិក អាចនឹងបញ្ចប់ក្នុងសប្តាហ៍នេះ ខណៈក្តីបារម្ភពីការផ្គត់ផ្គង់ប្រេងឆៅលើសកម្រិត កំពុងជួបទប់ស្កាត់ការកើនឡើងនូវតម្លៃប្រេង៕




