កូឡុំប៊ី ប្រកាសផ្អាកចែករំលែកព័ត៌មានសម្ងាត់ជាមួយអាមេរិក រហូតដល់ការវាយប្រហារលើទូកនៅតំបន់ Caribbean ត្រូវបានបញ្ឈប់ (Video inside)

12-11-2025 11:58

(បូហ្គោតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានចេញបញ្ជាឱ្យកងកម្លាំងសន្តិសុខសាធារណៈនៃប្រទេសរបស់លោក ផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយសហរដ្ឋអាមេរិក រហូតទាល់តែទីក្រុងវ៉ាស៉ីនតោន ឈប់វាយប្រហារលើទូកនានានៅក្នុងតំបន់ Caribbean។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ដោយសំដៅទៅកិច្ចសហការបង្រ្កាបការជួញដូរគ្រឿងញៀន រវាងកូឡុំប៊ី និងសហរដ្ឋអាមេរិក លោក Petro បានគូសបញ្ជាក់តាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ត្រូវតែផ្អែកលើសិទ្ធិប្រជាជន Caribbean»

យ៉ាងហោចណាស់មនុស្ស ៧៥នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយោធាអាមេរិក ទៅលើទូកដែលសង្ស័យដឹកគ្រឿងញៀនក្នុងដែនទឹកអន្តរជាតិ គិតចាប់តាំងពីខែសីហាមក។ នេះបើយោងតាមតួលេខពីរដ្ឋបាលលោក ត្រាំ។ ការវាយប្រហារដែលផ្តើមនៅភាគខាងត្បូងតំបន់ Caribbean ថ្មីៗនេះត្រូវបានពង្រីកកាន់ភាគខាងកើតតំបន់ប៉ាស៉ីហ្វិក ជាទីដែលសហរដ្ឋអាមេរិកកំណត់គោលដៅលើទូកចេញពីម៉ិកស៉ិក៕