អូស្រ្តាលីនិងឥណ្ឌូណេស៉ី ឯកភាពគ្នាចុះសន្ធិសញ្ញាសន្តិសុខថ្មី (Video inside)

12-11-2025 13:50

(ស៉ីដនី)៖ នាថ្ងៃពុធនេះ អូស្រ្តាលីនិងឥណ្ឌូណេស៉ី បានឯកភាពគ្នាដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខថ្មីមួយ ដែលមានរួមបញ្ចូល​ ការពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែជិតស្និទ្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដំណឹងខាងលើត្រូវបានប្រកាសដោយមេដឹកនាំនៃប្រទេសទាំងពីរ ក្រោយកិច្ចពិភាក្សានៅទីក្រុងស៉ីដនី។ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយថា «សន្ធិសញ្ញានេះ គឺជាការទទួលស្គាល់ពីសំណាក់ប្រទេសយើងទាំងពីរថា មធ្យោបាយប្រសើរបំផុត ដើម្បីធានាសន្តិភាពនិងស្ថិរភាព គឺតាមរយៈការសកម្មភាពជាមួយគ្នា»

លោក Albanese បានបន្តថា កិច្ចព្រមព្រៀងថ្មីខាងលើ គឺត្រូវបានកសាងបន្ថែមពីលើកិច្ចព្រមព្រៀងការពារជាតិទ្វេភាគីមួយ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤ ដែលបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ហើយរួមមានទាំងលក្ខខណ្ឌសម្រាប់ឱ្យយោធារបស់ភាគីម្ខាង ធ្វើប្រតិបត្តិការនៅប្រទេសភាគីម្ខាងទៀត។

គួរបញ្ជាក់ថា បើតាមលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី នៅក្រោមកិច្ចព្រមព្រៀងថ្មី ប្រទេសទាំងពីរ នឹងធ្វើការពិគ្រោះយោបល់គ្នា ក្នុងកម្រិតមេដឹកនាំនិងរដ្ឋមន្រ្តីជាប់ជាប្រចាំ ពាក់ព័ន្ធបញ្ហាសន្តិសុខ ហើយលោកសង្ឃឹមថា នឹងអាចទៅបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៉ី នាឆ្នាំក្រោយ ដើម្បីចុះសន្ធិសញ្ញានោះ៕