តួកគីយ៉េ ថាទាហាន២០នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធា នៅប្រទេសហ្សកហ្ស៉ី (Video inside)
12-11-2025 14:26
(អង់ការ៉ា)៖ នាថ្ងៃពុធនេះ ក្រសួងការពារជាតិនៃប្រទេសតួកគីយ៉េ បានឱ្យដឹងថា ទាហាន២០នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធារបស់ខ្លួន នៅក្នុងប្រទេសហ្សកហ្ស៉ីកាលពីមួយថ្ងៃមុន ខណៈក្រុមអ្នកស៉ើបអង្កេត កំពុងព្យាយាមស្វែងរកតំរុយ ដែលអាចប្រាប់ពីមូលហេតុនាំឱ្យយន្តហោះនោះធ្លាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើ មានប្រភេទ C-130 បានហោះចាកចេញពីប្រទេសអាស៊ែបៃហ្សង់ ដើម្បីឆ្ពោះមកតួកគីយ៉េ ប៉ុន្តែបានធ្លាក់នៅហ្សកហ្ស៉ី កាលពីថ្ងៃអង្គារ។ ទីក្រុងអង់ការ៉ា មិនបានប្រាប់អំពីមូលហេតុ ដែលបណ្តាលឱ្យយន្តហោះនោះធ្លាក់នៅឡើយទេ ដោយត្រឹមនិយាយថា អាជ្ញាធរតួកគីយ៉េនិងហ្សកហ្ស៉ី បានចាប់ផ្តើមការស៉ើបអង្កេតនៅកន្លែងកើតហេតុ ដែលស្ថិតក្នុងក្រុង Sighnaghu នៃស្រុក Kakheti របស់ហ្សកហ្ស៉ី។
គួរបញ្ជាក់ថា យន្តហោះ C-130 Hercules ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin គឺជាយន្តហោះសម្រាប់ដឹកជញ្ជូនសម្ភារនិងកងទ័ព ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយកងទ័ពអាកាសរបស់ប្រទេសផ្សេងៗ នៅជុំវិញពិភពលោក៕









