កូរ៉េខាងត្បូង ចាប់ខ្លួនអតីតប្រធានទីភ្នាក់ងារចារកម្ម ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹក កាលពីអំឡុងរដ្ឋាភិបាល លោក Yoon Suk Yeol (Video inside)

12-11-2025 15:11

(សេអ៊ូល)៖ នាថ្ងៃពុធនេះ អតីតប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង កាលពីអំឡុងរដ្ឋាភិបាលអតីតប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស កាលពីខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការចាប់ខ្លួនខាងលើនេះធ្វើឡើង តាមសំណើរបស់ក្រុមរដ្ឋអាជ្ញាពិសេស ដែលបានចោទប្រកាន់លោក Cho Tae-yong អតីតប្រមុខទីភ្នាក់ងារជាតិស៉ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ថារូបលោកបានពង្រើយកន្តើយចំពោះភារកិច្ចរបស់ខ្លួន ក្នុងនាមជាប្រធានទីភ្នាក់ងារចារកម្ម ហើយបង្កហានិភ័យនៃការបំផ្លាញភស្តុតាង។ ក្នុងសប្តាហ៍នេះ លោកអតីតប្រធានាធិបតី Yoon ក៏ទើបតែបានរងការចោទប្រកាន់បន្ថែមទៀត ពីបទជួយសត្រូវនិងរំលោភអំណាចផងដែរ។

គួរបញ្ជាក់ថា លោក Yoon បាននាំឱ្យប្រទេសកូរ៉េខាងត្បូង ធ្លាក់ក្នុងវិបត្តិនយោបាយកាលពីចុងឆ្នាំមុន នៅពេលដែលលោកព្យាយាមប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ហើយបញ្ជូនទាហានទៅកាន់សភា ដើម្បីប៉ុនប៉ងរារាំងមិនឱ្យក្រុមសមាជិកសភា បោះឆ្នោតដកសេចក្តីប្រកាសរបស់លោកចេញវិញ។ ប៉ុន្តែកិច្ចប្រឹងប្រែងនោះ ក៏បានទទួលបរាជ័យ ហើយលោក Yoon ត្រូវបានចាប់ខ្លួនកាលពីខែមករា ដើមឆ្នាំនេះ។ ឥឡូវរូបលោក កំពុងប្រឈមមុខជាមួយការជំនុំជម្រះទោស ពីបទបង្កការបះបោរ ដែលអាចឱ្យលោកត្រូវផ្តន្ទាទោសប្រហារជីវិត ក្នុងចំណោមបទចោទប្រកាន់មួយចំនួនផ្សេងទៀត។ រីឯភរិយារបស់លោក គឺអតីតស្រ្តីទី១ លោកស្រី Kim Keon Hee ក៏កំពុងជាប់ឃុំឃាំងដូចគ្នាដែរ ក្រោមបទចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ៕