ចិន ដាក់ចេញនូវវិធីសាស្រ្តកាត់បន្ថយសម្ពាធសិក្សា សម្រាប់សិស្សថ្នាក់បឋម និងមធ្យមសិក្សា

12-11-2025 15:42

(ប៉េកាំង)៖ អាជ្ញាធរចិន បានប្រកាសវិធានការកែលម្អសុខភាពផ្លូវចិត្តរបស់សិស្សថ្នាក់បឋម និងមធ្យមសិក្សា ដោយកាត់បន្ថយសម្ពាធពេលសិក្សា បន្ថយម៉ោងរៀននៅមុខកុំព្យូរទ័រ និងតម្រូវឱ្យធ្វើលំហាត់ប្រាណពីរម៉ោងជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

គំនិតផ្តួចផ្តើមដែលក្រសួងអប់រំចិនប្រកាសកាលពីខែមុន ក៏រួមមានទាំងការហាមប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់ កំណត់ពេលរៀនតាមកុំព្យូរទ័រ ឬស្លាយ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើអ៉ីនធឺណិត។ ទន្ទឹមនេះសាលារៀនត្រូវតែពិនិត្យឱ្យបានតឹងរ៉ឹង លើចំនួនកិច្ចការដែលផ្តល់ឱ្យសិស្ស ហើយផ្តល់ពេលយ៉ាងតិចពីរម៉ោងដល់សិស្សថ្នាក់បឋម និងមធ្យម សម្រាប់ធ្វើលំហាត់ប្រាណ។ សាលារៀន ក៏ត្រូវលើកទឹកចិត្តឱ្យសិស្ស អាចគេងបានគ្រប់គ្រាន់ ដោយរៀបចំកាលវិភាគចូល-ចេញពីរៀនឱ្យបានសមរម្យ និងអនុញ្ញាតឱ្យមានការសម្រាកអាហារថ្ងៃត្រង់។

តាមក្រុមអ្នកជំនាញ ការដាក់កិច្ចការឱ្យសិស្សធ្វើច្រើនពេក គឺជារឿងធម្មតាទៅហើយនៅទូទាំងប្រទេសចិន ដែលនាំសិស្សមិនមានពេលគេងបានគ្រប់គ្រាន់ កើតជំងឺថប់បារម្ភ និងបាក់ទឹកចិត្ត។ ក្នុងឆ្នាំ ២០២១ ចិនបានអនុម័តច្បាប់អប់រំ សំដៅកាត់បន្ថយកិច្ចការសាលា និងហាមប្រាមការបង្រៀនគួរក្នុងមុខវិជ្ជាសំខាន់ៗ។ ទោះជាយ៉ាងណា ឪពុកម្តាយរបស់សិស្សបានបន្តស្វែងរកសេវាបង្រៀនក្រៅ ដើម្បីឱ្យកូនរបស់ពួកគេរៀនកាន់តែពូកែ ស្ថិតក្នុងប្រព័ន្ធអប់រំដែលមានការប្រកួតប្រជែងខ្ពស់របស់ចិន៕