អ៊ុយក្រែន ចោទប្រកាន់មនុស្ស ៧នាក់ ពាក់ព័ន្ធនឹងការស៉ីដាច់លុយគម្រោងថាមពល ១០០លានដុល្លារ (Video inside)
12-11-2025 16:18
(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរអ៊ុយក្រែន បានចោទប្រកាន់មនុស្ស ៧នាក់ ជុំវិញការស៉ីដាច់លុយគម្រោង ១០០លានដុល្លារ ដែលពាក់ព័ន្ធដោយមន្រ្តីជាន់ខ្ពស់ផ្នែកថាមពល និងដែលបានបង្កឱ្យមានកំហឹងជាសាធារណៈ ធ្វើឱ្យអ៊ុយក្រែនត្រូវផ្តោតការយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ការិយាល័យប្រឆាំងអំពើពុករលួយជាតិនៃប្រទេសអ៊ុយក្រែន (NABU) បានឃុំខ្លួនជនសង្ស័យចំនួន ៥នាក់ និងកំណត់អត្តសញ្ញាណបានពីរនាក់ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងលទ្ធកម្មនៅសហគ្រាសរដ្ឋ ជាពិសេសទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ Energoatom តែមិនបានបញ្ចេញឈ្មោះពួកគេឡើយ។
ប្រភពមួយនិយាយថា ជនសង្ស័យជាមេរៀបចំគឺ លោក Timur Mindich ដែលគេស្គាល់ថាជាមិត្តភ័ក្តរបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ ក្រៅពីនេះ មានអតីតទីប្រឹក្សារដ្ឋមន្រ្តីថាមពល ប្រធានផ្នែកសន្តិសុខនៃទីភ្នាក់ងារ Energoatom និង ៤នាក់ជាបុគ្គលិក។ ក្រោយមក NABU កំណត់បានអត្តសញ្ញាណឧបនាយករដ្ឋមន្រ្តីម្នាក់ ដែលជាប់សង្ស័យ។
លោក Mindich មិនទាន់ឆ្លើយតបចំពោះសំណើទៅកាន់ស្ទូឌីយោផលិតកម្ម Kvartal 95 ដែលលោកជាសហម្ចាស់កម្មសិទ្ធិ និងជាទីដែលលោក ហ្សេលេនស្គី បានកសាងអាជីពជាអ្នកកំប្លែង មុនពេលជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ២០១៩នោះទេ។ នេះជារឿងរសើបមួយរបស់ជាតិ ពិសេសក្នុងចំណោមជាមួយសាធារណជនអ៊ុយក្រែន ដែលស្ថិតត្រូវស៊ូទ្រាំនឹងការដាច់ភ្លើងច្រើនម៉ោងក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា អ៊ុយក្រែន កំពុងស្ថិតក្រោមសម្ពាធឱ្យធ្វើការបង្ក្រាបអំពើពុករលួយ ខណៈដែលប្រទេសនេះ ស្វែងរកការចូលជាសមាជិកសហភាពអឺរ៉ុប និងដើម្បីបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូលោកខាងលិច ចំពោះមុខការវាយប្រហារធំៗរបស់រុស្ស៉ីលើប្រព័ន្ធថាមពល៕




