យោធាវ៉េណេស៊ុយអេឡា គ្រោងប្រើវិធីសាស្រ្តទ័ពព្រៃដើម្បីឆ្លើយតប ករណីរងការវាយប្រហារពីអាមេរិក (Video inside)

12-11-2025 16:54

(ការ៉ាកាស)៖ តាមប្រភព និងឯកសារផែនការដែល Reuters ទទួលបាន វ៉េណេស៊ុយអេឡាកំពុងដាក់ពង្រាយសព្វាវុធ រួមទាំងសម្ភារអាយុកាលរាប់ទសវត្សរ៍ផលិតដោយរុស្ស៉ី ហើយគ្រោងនឹងបង្កើនការតស៊ូតាមបែបទ័ពព្រៃ ចំពោះវាយប្រហារតាមអាកាស ឬដីគោក ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកពីលទ្ធភាពនៃប្រតិបត្តិការជើងគោក នៅវ៉េណេស៊ុយអេឡា បន្ទាប់ពីយោធាអាមេរិក ធ្វើការវាយប្រហារលើទូកនានា ដែលត្រូវបានចោទប្រកាន់ថាមានដឹកគ្រឿងញៀន នៅឯតំបន់ Caribbean។ លោក ត្រាំ ក្រោយមកបានបដិសេធនិយាយបែបនោះ។

ប្រភពចំនួន ៦បាននិយាយថា សមត្ថភាពយោធាវ៉េណេស៊ុយអេឡា ចុះខ្សោយដោយសារតែកង្វះការហ្វឹកហ្វឺន ប្រាក់ខែទាប និងសម្ភារចាស់ៗអស់ទៅហើយ។ ប្រភពចំនួន ២ បានប្រាប់ Reuters ថាមេបញ្ជាការអង្គភាពមួយចំនួន ថែមទាំងត្រូវបានបង្ខំឱ្យចរចា ជាមួយអ្នកផលិតម្ហូបអាហារក្នុងស្រុក ដើម្បីផ្តល់អាហារដល់កងទ័ពរបស់ពួកគេ ដោយសារតែការផ្គត់ផ្គង់របស់រដ្ឋាភិបាល មានភាពខ្វះខាត។

ការការពារបែបទ័ពព្រៃ ដែលរដ្ឋាភិបាលវ៉េណេស៊ុយអេឡាហៅថា «ការតស៊ូយូរអង្វែង» និងបានលើកឡើង ក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋ គឺជាការដាក់ពង្រាយអង្គភាពយោធាតូចៗ នៅតាមទីតាំងជាង ២៨០ ដើម្បីអនុវត្តសកម្មភាពបំផ្លិចបំផ្លាញ និងយុទ្ធសាស្ត្រទ័ពព្រៃផ្សេងទៀត៕