បទវិភាគ៖ មើលពីឡូហ្ស៊ីកចិន «កាន់តែបើកចំហនិងកាន់តែមានអភិវឌ្ឍន៍» តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ

12-11-2025 17:39

(ប៉េកាំង)៖ កាលពីថ្ងៃទី១០ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨បានបិទបញ្ចប់ ។យោងតាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨នេះទទួលបានសមិទ្ធផលជាផ្លែផ្កា៖ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ៨ម៉ឺន៣ពាន់៤៩០លានដុល្លារអាមេរិក ដែលកើនឡើង៤,៤ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ សហគ្រាសដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងជាង៦០០សហគ្រាស បើប្រៀបធៀបនឹងឆ្នាំ២០២៤ សហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោក និងសហគ្រាសដែលមានសក្តានុពលឈានមុខគេ ចំនួន២៩០សហគ្រាសបានចូលរួមពិព័រណ៍ ហើយទំហំតាំងពិព័រណ៍សរុបនិងចំនួនសរុបរបស់សហគ្រាស ដែលចូលរួមពិព័រណ៍ សុទ្ធតែបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីចំនួន៤៦១ផ្នែក ត្រូវបានដាក់តាំងបង្ហាញ ជាលើកដំបូង បានបង្កើតជាលើកដំបូងនូវប្លុកពិព័រណ៍ពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និង “ប្លុកពិព័រណ៍អំពីសេវាកម្មធុរកិច្ចអេឡិចត្រូនិចឆ្លងដែន” ជាដើម ដើម្បីធ្វើឱ្យតម្រូវការរបស់ប្រទេសចិន មានភាពស៊ីសង្វាក់គ្នាជាមួយការរំពឹងទុករបស់ពិភពលោក។

ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាព័រណ៍តែមួយគត់លើពិភពលោក ក្រោមប្រធានបទស្តីពីការនាំចូល ហើយក៏ជាវេទិកាដ៏សំខាន់របស់ប្រទេសចិន សម្រាប់ការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ផងដែរ ។កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ បានដាក់ចេញការរៀបចំចាត់ចែងជាពិសេស សម្រាប់ការពង្រីកការបើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ហើយបានកំណត់ជាក់លាក់នូវភារកិច្ចសំខាន់ៗ ដូចជាការពង្រីកការបើកទូលាយដោយម្ចាស់ការឱ្យបានសកម្មជាដើម។

បើមើលតាមបរិបទខាងក្រៅ បច្ចុប្បន្ននេះ ឯកតោភាគីនិយមនិងការពារនិយមបានកើនឡើង ទីផ្សារបានក្លាយជាធនធាន ដ៏កម្រនៅលើពិភពលោក។ រីឯប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយមានក្តីបំណងខាងការអភិវឌ្ឍយ៉ាងខ្លាំង ដោយរំពឹងជំរុញ ការអភិវឌ្ឍប្រទេសខ្លួន តាមរយៈការចូលរួមការបែងចែកតួនាទីអន្តរជាតិ ។ ក្រោមបរិបទនេះ ចិនបានពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ចំពោះអន្តរជាតិឥតឈប់ឈរ និងពង្រីកការបើកទូលាយដោយម្ចាស់ការយ៉ាងសកម្ម វាសម្របទៅតាមក្រឹត្យក្រមទីផ្សារផង ហើយក៏មានភាពស៊ីសង្វាក់គ្នាជាមួយគោលបំណងរបស់ អ្នកផងទាំងពួងដែលចង់ទទួលបាន ការអភិវឌ្ឍនិងជីវភាពរស់នៅប្រកបដោយសុភមង្គលផងដែរ ដែលបានបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាដ៏មានតម្លៃ សម្រាប់កិច្ចការបើទូលាយរបស់ពិភពលោកដែលកំពុងឈរនៅផ្លូវបំបែក។

បើមើលពីលក្ខខណ្ឌផ្ទៃក្នុង ចិនមានជំនឿចិត្តនិងសមត្ថភាពជាក់លាក់ក្នុងការពង្រីកយ៉ាងសកម្មនូវការបើកទូលាយដោយម្ចាស់ការ។ មូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងភាពធន់សេដ្ឋកិច្ចដ៏ខ្លាំងក្លា អាចធ្វើឱ្យប្រទេសចិនមិនរងផលប៉ះពាល់ពីបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ ហើយជំរុញការបើកទូលាយដោយឯករាជ្យនិងម្ចាស់ការ។ ការបើកទូលាយក៏បាននាំមកនូវការប្រមូលផ្តុំ នៃធាតុផ្សំឈានមុខ ដើម្បីពន្លឿនការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ នៅចុងខែតុលា មជ្ឈមណ្ឌលយុទ្ធសាស្ត្រនៅក្រុងប៉េកាំង ដើម្បីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សកលនៃក្រុមហ៊ុន AstraZeneca របស់អង់គ្លេសបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ នៅចុងខែកញ្ញា ក្រុមហ៊ុន HERBALIFE របស់សហរដ្ឋអាមេរិកបានលើកកម្ពស់លំដាប់ថ្នាក់ នៃមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី នៃផលិតផលចិនឱ្យឆ្ពោះទៅរកទូទាំងពិភពលោក។ នេះបានឆ្លុះបញ្ចាំឱ្យឃើញថាទីផ្សារធំៗរបស់ចិនកំពុងក្លាយជាទីតាំងពិសោធន៍ ទីតាំងប្រើប្រាស់ និងកន្លែងបានផលចំណេញនៃការច្នៃប្រឌិតថ្មីសកល។

បច្ចុប្បន្ននេះ ទំហំនៃការចុះឈ្មោះចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ លើសពី៨ម៉ឺនម៉ែត្រការ៉េ ហើយកាលពីពេលថ្មីៗនេះ ចិនបានប្រកាសគោលនយោបាយលើកលែងទិដ្ឋាការជុំថ្មី។ នៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ កំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan នឹងចាប់ដំណើរការនូវប្រតិបត្តិការគយឯករាជ្យនៅកោះទាំងមូល ដើម្បីរៀនតាមស្ថានភាពបើកទូលាយប្រកបដោយកម្រិតខ្ពស់បំផុត លើពិភពលោក។ល។ នេះបានបញ្ជាក់ឱ្យឃើញថា កាន់តែបើកចំហ ក៏កាន់តែទទួលការអភិវឌ្ឍ ហើយកាន់តែទទួលការអភិវឌ្ឍ ក៏កាន់តែបើកចំហដែរ។ ដូចលោក Kishore Mahbubani សមាជិកបណ្ឌិត្យសភាចារ្យដ៏ឆ្នើមនៃវិទ្យាស្ថានស្រាវជ្រាវអាស៊ី នៃសកលវិទ្យាល័យជាតិសិង្ហបុរីបានលើកឡើងថា “ចិនមានប្រពៃណីបើកទូលាយតាំងពីបុរាណកាលមក ហើយក៏មិនអាចរារាំងបាននូវនិន្នាការ បើកទូលាយរបស់ពិភពលោកបានឡើយ”៕

វិទ្យុមិត្តភាពកម្ពុជាចិន