គ្រោះរញ្ជួយដី ធ្វើឱ្យកក្រើកប្រទេសស៊ីប តែមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតភ្លាមៗនៅឡើយទេ (Video inside)

12-11-2025 19:02

(នីកូស៊ី)៖ គ្រោះរញ្ជួយដីមួយកម្រិត ៥.៣ រ៉ិចទ័រ បានធ្វើឱ្យកក្រើកប្រទេសស៊ីបនៅថ្ងៃពុធ នេះ ហើយរំញ័រនេះក៏ត្រូវបានទទួលអារម្មណ៍នៅតំបន់មួយចំនួននៃប្រទេសលីបង់ផងដែរ ស្របពេលដែលមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតណាមួយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាយកដ្ឋានស្ទង់ភូមិសាស្ត្ររបស់ស៊ីប បានឱ្យដឹងថា រំញ័រនេះត្រូវបានកត់ត្រានៅវេលាម៉ោងប្រហែល ១១:៣២ ព្រឹក (ម៉ោងក្នុងតំបន់) និងមានចំណុចរំញ័រស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រភាគឦសាននៃទីក្រុង Paphos និងមានជម្រៅ ១៥គីឡូម៉ែត្រ។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អគារសាធារណៈត្រូវបានជម្លៀសចេញជាបណ្ដោះអាសន្ននៅក្នុងស្រុក Paphos។ គួរបញ្ជាក់ថា ប្រទេសស៊ីបស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពរញ្ជួយដីសកម្ម ប៉ុន្តែគ្រោះរញ្ជួយដីកម្របង្កឱ្យមានការខូចខាតណាស់៕