លោក ត្រាំ ស្នើសុំឱ្យប្រធានាធិបតីអ៉ីស្រាអែលលើកលែងទោសឱ្យលោក ណេតាន់យ៉ាហ៊ូ (Video inside)
12-11-2025 20:06
(ហ្ស៊េរុយសាឡិម)៖ ការិយាល័យប្រធានាធិបតីអ៉ីស្រាអែលបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រធានាធិបតី លោក អ៉ីសាក់ ហឺហ្សុក (Isaac Herzog) បានទទួលលិខិតមួយច្បាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យលោកពិចារណាលើកលែងទោសឱ្យនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងលិខិតនោះ លោក ត្រាំ បានសរសេរថា «ទោះបីខ្ញុំគោរពទាំងស្រុងនូវឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌អ៉ីស្រាអែលក៏ដោយ ខ្ញុំជឿជាក់ថាករណីប្រឆាំងនឹងលោក ប៊ីប៊ី (Bibi ដែល ឈ្មោះហៅក្រៅរបស់លោក ណេតាន់យ៉ាហ៊ូ) គឺជាការកាត់ទោសបែបនយោបាយ និងគ្មានភាពយុត្តិធម៌»។
ជាការឆ្លើយតប ការិយាល័យរបស់លោក ហឺហ្សុក បានបញ្ជាក់ថា អ្នកណាម្នាក់ដែលស្វែងរកការលើកលែងទោសពីប្រធានាធិបតី ត្រូវតែដាក់សំណើជាផ្លូវការស្របតាមនីតិវិធីដែលបានកំណត់។
គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ ជាប់ចោទពីបទពុករលួយតាំងពីឆ្នាំ២០១៩ ក្នុងសំណុំរឿងចំនួនបី ដែលក្នុងនោះរួមមានការចោទប្រកាន់ទទួលអំណោយជិត ៧០០,០០០ shekel (ប្រហែល ២១២,០០០ដុល្លារ) ពីអ្នកជំនួញ។ ថ្វីបើតំណែងប្រធានាធិបតីអ៉ីស្រាអែលមានតួនាទីជាពិធីការច្រើនក៏ដោយ ក៏លោក ហឺហ្សុក មានសិទ្ធិអំណាចក្នុងការលើកលែងទោសដល់ឧក្រិដ្ឋជនដែលត្រូវបានផ្តន្ទាទោសហើយ ក្នុងកាលៈទេសៈមិនធម្មតា។ ទោះជាយ៉ាងណា សវនាការរបស់លោក ណេតាន់យ៉ាហ៊ូ គឺមិនទាន់ចប់នៅឡើយទេ៕





