ទាហានតួកគីយ៉េ ២០ នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅហ្សកហ្ស៊ី
12-11-2025 21:37
(អង់ការ៉ា)៖ ប្រទេសតួកគីយ៉េបានប្រកាសនៅថ្ងៃពុធនេះថា ទាហានរបស់ខ្លួនចំនួន ២០ នាក់បានស្លាប់ នៅពេលដែលយន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសហ្សកហ្ស៊ីកាលពីមួយថ្ងៃមុន ដែលជាឧបទ្ទវហេតុយោធាដ៏អាក្រក់បំផុតរបស់សមាជិក NATO មួយនេះចាប់តាំងពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យន្តហោះដឹកទំនិញប្រភេទ C-130 បានចាកចេញពីប្រទេសអាស៊ែបៃហ្សង់ឆ្ពោះទៅកាន់ប្រទេសតួកគីយ៉េ ហើយបានធ្លាក់នៅក្នុងប្រទេសហ្សកហ្ស៊ីកាលពីថ្ងៃអង្គារ។ ទីក្រុងអង់ការ៉ាមិនបានផ្តល់ហេតុផលអំពីការធ្លាក់នោះទេ ប៉ុន្តែបានឱ្យដឹងថា អាជ្ញាធរតួកគីយ៉េ និងហ្សកហ្ស៊ី បានចាប់ផ្តើមការត្រួតពិនិត្យនៅកន្លែងកើតហេតុរួចហើយ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្តហោះនេះ គឺជាឧបទ្ទវហេតុយោធាដ៏ធ្ងន់ធ្ងរបំផុតរបស់តួកគីយ៉េចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលកងកម្លាំងស៊ីរីដែលទទួលបានការគាំទ្រពីរុស្ស៊ី បានសម្លាប់ទាហានទួរគី ៣៣ នាក់នៅក្នុងខេត្តអ៊ីដលីប ប្រទេសស៊ីរី៕








