រដ្ឋសភាអាមេរិក បោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់បិទបញ្ចប់វិបត្តិ shutdown យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក (Video inside)
13-11-2025 09:11
(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក (រដ្ឋសភា) នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តលើកញ្ចប់ថវិកាបណ្ដោះអាសន្នមួយសម្រាប់រដ្ឋាភិបាលសហព័ន្ធដែលនឹងនាំ ទៅរកការបិទបញ្ចប់វិបត្តិកញ្ចប់ថវិកា ឬ shutdown ដែលអូសបន្លាយពេលយូរបំផុតដល់ទៅ៤៣ថ្ងៃនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក និងធ្វើឱ្យបុគ្គលិករដ្ឋជាច្រើនគ្មានប្រាក់ខែបើក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងការបោះឆ្នោតនៅឯសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ សេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្នទទួលបានការគាំទ្រពីសមាជិកសភាតំណាងរាស្ត្រ ២២២នាក់ ក្នុងនោះរួមមានសមាជិកសភាតំណាងរាស្ត្រ ៦នាក់មកពីគណបក្សប្រជាធិបតេយ្យ ខណៈ២០៩នាក់ក្នុងនោះមានសមាជិកសភាតំណាងរាស្ត្រ ២រូបមកពីបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំងនឹង សេចក្ដីព្រាងច្បាប់នេះ។
សេចក្ដីព្រាងច្បាប់ខាងលើនឹងត្រូវបញ្ជូនបន្តទៅឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាឱ្យក្លាយជាទៅច្បាប់ផ្លូវការ ដើម្បីបើកដំណើរការរដ្ឋាភិបាលឡើងវិញជាមួយកញ្ចប់ថវិកា សម្រាប់ការចាយវាយរហូតដល់ថ្ងៃទី៣០ ខែមករា នៅឆ្នាំក្រោយ៕








