សហរដ្ឋអាមេរិក ដឹងពីកិច្ចពិភាក្សារបស់ក្រុមមន្ត្រីអ៉ីស្រាអែល ជុំវិញការប្រើប្រាស់ជនស៊ីវិលប៉ាឡេស្ទីនជាខែលការពារ នៅក្នុងតំបន់ហ្កាហ្សា (Video inside)
13-11-2025 09:35
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានភស្តុតាងកាលពីឆ្នាំ២០២៤ ថាក្រុមមន្ត្រីអ៉ីស្រាអែលបានពិភាក្សាថាតើទាហានអ៉ីស្រាអែលបានធ្វើបៀបណាដើម្បីបញ្ជូនស៊ីវិលប៉ាឡេស្ទីនចូលទៅក្នុងផ្លូវរូងក្រោមដីក្នុងតំបន់ហ្កាហ្សា ដែលពួកគេជឿថាមានដាក់ពង្រាយគ្រឿងផ្ទុះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា។
Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលពីអតីតមន្ត្រីអាមេរិក២រូបដែលបានដឹងពីការពិភាក្សារបស់ក្រុមមន្ត្រីអ៉ីស្រាអែល។ អតីតមន្ត្រីអាមេរិកទាំង២នាក់នេះបានឱ្យដឹងថាព័ត៌មាន ត្រូវបានចែករំលែកជាមួយសេតវិមាន និងត្រូវបានវិភាគដោយសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនៃអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ច្បាប់អន្តរជាតិ បានហាមឃាត់ការប្រើប្រាស់ជនស៊ីវិលជាខែល អំឡុងសកម្មភាពយោធា។ តាមពិតទៅ ការប្រើប្រាស់ជនស៊ីវិលប៉ាឡេស្ទីនរបស់អ៉ីស្រាអែលជាខែលនៅក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank ក៏ធ្លាប់ត្រូវបាន រាយការណ៍ជាច្រើនដងមកហើយដែរ តែសេចក្ដីរាយការណ៍របស់ Reuters គឺជាការទទួលស្គាល់ដ៏កម្រថាទីក្រុងវ៉ាស៊ីនតោនបានប្រមូលភស្តុតាងដោយខ្លួនឯងអំពីបញ្ហានេះ។
គួរបញ្ជាក់ថា អតីតមន្ត្រីអាមេរិកទាំង២នាក់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមិនបានបញ្ជាក់ឱ្យច្បាស់ថាតើជនជាតិប៉ាឡេស្ទីនដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍សម្ងាត់គឺជាជនស៊ីវិល ឬជាអ្នកទោស នោះទេ។ ដោយឡែក ជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Reuters ក្រុមមន្ត្រីអ៉ីស្រាអែលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាខ្លួនបានហាមឃាត់ការប្រើប្រាស់ជនស៊ីវិលជាខែល ហើយក៏មិនបាន គំរាមកំហែងពួកគេឱ្យចូលរួមក្នុងប្រតិបត្តិការយោធានោះដែរ៕






