សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃចំនួន២ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ (Video inside)

13-11-2025 10:36

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា Democratic Karen Benevolent Army (DKBA) និងក្រុមហ៊ុន២ របស់ថៃ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ឬ online scams នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមគេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុអាមេរិក។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា DKBA រួមជាមួយមេដឹកនាំជាន់ខ្ពស់៤នាក់របស់ពួកគេ សម្រាប់ការគាំទ្រមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានកំណត់គោលដៅបោកប្រាស់ជនជាតិអាមេរិក ក្រោមរូបភាពវិនិយោគ។ ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុន២របស់ថៃផងដែរ គឺក្រុមហ៊ុន Trans Asia និង Troth Star ព្រមទាំងជនជាតិថៃម្នាក់ឈ្មោះ Chamu Sawang ដែលមានជាប់ពាក់ព័ន្ធនឹងបណ្ដាញពួកឆបោកជាជនជាតិចិន និងសហការ ជាមួយក្រុមប្រដាប់អាវុធ DKBA។

គួរបញ្ជាក់ថា តាមក្រសួងហិរញ្ញវត្ថុអាមេរិក បណ្ដាញពួកឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាន និងកំពុងលួចប្រាក់រាប់ពាន់លានដុល្លារពីជនជាតិអាមេរិកតាមរយៈ online scams៕