ប្រមុខការទូតអាមេរិក អំពាវនាវឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធទៅឱ្យកងកម្លាំង RSF នៅស៊ូដង់ (Video inside)
13-11-2025 10:49
(AFP)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា បានអំពាវនាវឱ្យមានការធ្វើសកម្មភាពជាអន្តរជាតិដើម្បីបញ្ឈប់ការផ្គត់ផ្គង់អាវុធទៅឱ្យ កងកម្លាំងគាំទ្ររហ័សក្នុងប្រទេសស៊ូដង់ (RSF) ដោយព្រមានថាអ្នកគាំទ្រកងកម្លាំងនេះនឹងត្រូវប្រឈមនឹងផលវិបាក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅបន្ទាប់ពីកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ក្នុងប្រទេសកាណាដា លោក Rubio បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុង កើតឡើងគឺជារឿងដ៏រន្ធត់...ខ្ញុំគិតថាអ្វីដែលជាបញ្ហា នោះគឺ RSF បានយល់ព្រមទទួលយកបទឈប់បាញ់ស្នើឡើងដោយសហរដ្ឋអាមេរិក តែពួកគេមិនបានគោរពតាមនោះទេ»។ លោក បន្ថែមថា «ខ្ញុំគិតថាពេលនេះចាំបាច់ត្រូវតែបញ្ឈប់ការផ្គត់ផ្គង់អាវុធ និងការគាំទ្រទៅឱ្យ RSF»។
គួរបញ្ជាក់ថា កងកម្លាំងគាំទ្ររហ័ស RSF បានធ្វើសង្រ្គាមជាមួយកងទ័ពជាតិស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ហើយថ្មីៗនេះពួកគេបានវាយដណ្ដើមទីក្រុង El-Fasher ជាទីដែលការសម្លាប់រង្គាលជនស៊ីវិលត្រូវបានរាយការណ៍។ លោក Rubio ក៏បានព្រមានដែរថាអ្នកដែលគាំទ្រកងកម្លាំង RSF នឹងត្រូវប្រឈមនឹងផលវិបាក ខណៈកងទ័ពជាតិស៊ូដង់ បានចោទប្រកាន់អេមីរ៉ាតអារ៉ាប់ជាអ្នកទំនុកបម្រុង RSF ជាមួយការផ្គត់ផ្គង់អាវុធ និងបញ្ជូនទាហានស៊ីឈ្នួលតាមរយៈបណ្ដាប្រទេសអាហ្រ្វិកមួយចំនួន។ ប៉ុន្តែ អេមីរ៉ាតអារ៉ាប់រួមបាន ច្រានចោលការចោទប្រកាន់បែបនេះ៕






