ប្រមុខការទូត EU ជំរុញឱ្យអ៊ុយក្រែន ដោះស្រាយអំពើពុករលួយ ទាក់ទងនឹងលុយគម្រោងថាមពល (Video inside)
13-11-2025 11:49
(NIAGARA, កាណាដា)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បានប្រាប់ Reuters កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកាថា រឿងអាស្រូវពុករលួយទាក់ទងនឹងគម្រោងថាមពលនៅអ៊ុយក្រែន «ជារឿងមិនគួរឱ្យកើតឡើងឡើយ» ហើយទីក្រុងកៀវត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំង។
នៅក្រៅកិច្ចប្រជុំនៃបណ្តារដ្ឋមន្ត្រីការបរទេស G7 លោកស្រី Kallas បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេ (អ៊ុយក្រែន) កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ។ មិនឱ្យមានគួរមានអំពើពុករលួយទេ ជាពិសេសកាលៈទេសៈនេះ។ ខ្ញុំចង់និយាយថា វាជាលុយញើសឈាមប្រជាជន ដែលត្រូវយកទៅជួយនៅជួរមុខ»។ លោកស្រីបន្ថែមថា «ខ្ញុំគិតថាអ្វីដែលសំខាន់ គឺត្រូវដោះស្រាយឱ្យបានលឿនបំផុត»។
គួរបញ្ជាក់ថា ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ បានស្នើដកតំណែងរដ្ឋមន្ត្រីពីររូបនៃគណៈរដ្ឋមន្ត្រី ចំពេលមានការស៉ើបអង្កេតលើករណីស៉ីដាច់លុយគម្រោងថាមពលចំនួន ១០០លានដុល្លារ ដែលបានបញ្ឆេះកំហឹងសាធារណៈជាថ្មី ចំពោះរដ្ឋាភិបាលអ៊ុយក្រែន៕







