សិស្សរាប់សែននាក់នៅកូរ៉េខាងត្បូង ចាប់ផ្តើមការប្រឡងប្រចាំឆ្នាំដ៏សំខាន់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ (Video inside)

13-11-2025 13:14

(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍នេះ ការប្រឡងដ៏សំខាន់​ប្រចាំឆ្នាំសម្រាប់សិស្សៗនៅក្នុងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមប្រព្រឹត្តទៅ ហើយថែមទាំងមាន ការបង្គាប់ឱ្យផ្អាកជើងហោះហើរបណ្តោះអាសន្ន និងបន្ថយលំហូរចរាចរណ៍តាមដងផ្លូវ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ព្រឹត្តិការណ៍ប្រឡងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការប្រឡងខាងលើដែលក្នុងស្រុកកូរ៉េខាងត្បូងផ្ទាល់ហៅថា Suneung គឺចាំបាច់ដើម្បីអាចចូលសិក្សា នៅសាកលវិទ្យាល័យកំពូលៗ ហើយត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាច្រកផ្លូវឆ្ពោះទៅរកការលើកមុខមាត់គ្រួសារនៅក្នុងសង្គម ការធានាបានសន្តិសុខផ្នែកសេដ្ឋកិច្ច និងសូម្បីតែឱកាសអាពាហ៍ពិពាហ៍ល្អប្រសើរ។ បម្រាមផ្អាកជើងហោះហើររយៈពេល៣៥នាទី ត្រូវបានដាក់ចេញទូទាំងប្រទេស អំឡុងការធ្វើតេស្តស្តាប់ភាសាអង់គ្លេស លើកលែងតែមានករណីបន្ទាន់ ខណៈក្រុមហ៊ុននិងធានាគារ បានណែនាំឱ្យបុគ្គលិករបស់ខ្លួន ចាប់ផ្តើមម៉ោងការងារយឺតជាងធម្មតា១ម៉ោង ដើម្បីជួយសម្រួលលំហូរចរាចរណ៍ នៅតាមដងផ្លូវ។

គួរបញ្ជាក់ថា សិស្សសរុបជាង៥៥០ ០០០នាក់ ​មានឈ្មោះនៅក្នុងការប្រឡងខាងលើ ប៉ុន្តែជាទូទៅ ចំនួនអ្នកចូលរួមប្រឡងផ្ទាល់ គឺតែងតែតិចជាងនោះបន្តិច។ សម្រាប់សម័យប្រឡងចូលសាកលវិទ្យាល័យឆ្នាំ២០២៦នេះ គឺជាលើកដំបូងបង្អស់ ដែលតម្រូវឱ្យ​សាកលវិទ្យាល័យនានា ត្រូវតែពិចារណាអំពីប្រវត្តិហិង្សាក្នុងសាលារបស់បេក្ខជន នៅក្នុងការសម្រេចចិត្តរបស់ពួកគេ។ យោងតាមសមាជិកសភាកូរ៉េខាងត្បូង ក្នុងសម័យប្រឡងកន្លងទៅ (ឆ្នាំ២០២៥) សាកលវិទ្យាល័យរដ្ឋចំនួន១០ បានបដិសេធសំណើចូលរៀនរបស់បេក្ខជនសរុប៤៥នាក់ ដោយសារតែប្រវត្តិហិង្សានៅសាលា៕