ប្រធានសហភាពអាហ្វ្រិក ចេញមកបញ្ជាក់ថា គ្មានឡើយអំពើប្រល័យពូជសាសន៍នៅនីហ្សេរីយ៉ា (Video inside)

13-11-2025 15:01

(យូអិន)៖ ប្រធានគណៈកម្មការសហភាពអាហ្រ្វិក (AU) បាននិយាយថា មិនមានអំពើប្រល័យពូជសាសន៍ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ានោះទេ ខណៈដែលលោកបានច្រានចោលការចោទប្រកាន់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថាគ្រិស្តសាសនិកជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្វ្រិកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣​ ខែវិច្ឆិកា ឆ្នាំ ២០២៥។

កាលពីដើមខែនេះ លោក ត្រាំ បានប្រាប់ក្រសួងការពារជាតិឱ្យត្រៀមលក្ខណៈធ្វើសកម្មភាពយោធា ប្រសិនបើនីហ្សេរីយ៉ា បរាជ័យក្នុងការបង្រ្កាបការសម្លាប់អ្នកកាន់សាសនាគ្រិស្ត ដោយមិនបានផ្តល់ភស្តុតាងណាមួយ អំពីការចោទប្រកាន់របស់លោកទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក លោក Mahmoud Ali Youssouf បញ្ជាក់ថា «អ្វី​ដែល​កើត​ឡើង​នៅ​ភាគ​ខាង​ជើង​​នីហ្សេរីយ៉ា​ គឺមិន​ដូចអំពើ​ឃោរឃៅ​ដែល​យើងបាន​ឃើញ​នៅ​​ស៊ូដង់ ឬផ្នែក​ខ្លះ​នៃ​ភាគ​ខាង​កើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោឡើយ»។ លោកបន្ថែមថា «សូមគិតឱ្យបានពីរដង មុននឹងអត្ថាធិប្បាយ។ ជនងរងគ្រោះដំបូងដោយស្នាដៃក្រុម Boko Haram គឺជាអ្នកកាន់សាសនាឥស្លាម មិនមែនអ្នកកាន់សាសនាគ្រិស្តទេ»

គួរបញ្ជាក់ថា ក្រុម Boko Haram ក៏បានធ្វើភេរវកម្មនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលជាការបះបោរសម្លាប់មនុស្សរាប់ម៉ឺននាក់ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​​និយាយ​ថា អ្នក​រងគ្រោះ​ភាគ​ច្រើនគឺជា​ជន​មូស្លីម៕